20. ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់ព្រះបាទហេសេគា ព្រះអង្គមិនធ្វើទោសប្រជាជនឡើយ។
21. ជនជាតិអ៊ីស្រាអែលដែលមានវត្តមាននៅក្រុងយេរូសាឡឹម នាំគ្នាប្រារព្ធពិធីបុណ្យនំបុ័ងឥតមេយ៉ាងសប្បាយលើសលប់ អស់រយៈពេលប្រាំពីរថ្ងៃ។ រៀងរាល់ថ្ងៃ ក្រុមលេវី និងក្រុមបូជាចារ្យ សរសើរតម្កើងព្រះអម្ចាស់ ដោយប្រគំតូរ្យតន្ត្រីយ៉ាងរំពងថ្វាយព្រះអង្គ។
22. ព្រះបាទហេសេគាមានរាជឱង្ការលើកទឹកចិត្តពួកលេវីទាំងអស់ ដែលសុទ្ធសឹងតែជាអ្នកជំពាក់ចិត្តទាំងស្រុងលើព្រះអម្ចាស់។ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ ប្រជាជនបរិភោគសាច់របស់សត្វ ដែលគេថ្វាយជាយញ្ញបូជាមេត្រីភាព* ហើយលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ខ្លួន។
23. អង្គប្រជុំទាំងមូលបានព្រមព្រៀងគ្នាប្រារព្ធពិធីបុណ្យប្រាំពីរថ្ងៃបន្តទៀត។ ក្នុងរយៈពេលប្រាំពីរថ្ងៃនេះ ពួកគេនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយ
24. ដ្បិតព្រះបាទហេសេគា ជាស្ដេចស្រុកយូដា ផ្គត់ផ្គង់គោបាមួយពាន់ក្បាល និងចៀមប្រាំពីរពាន់ក្បាលដល់ប្រជាជន ហើយពួកមន្ត្រីក៏ផ្គត់ផ្គង់គោបាមួយពាន់ក្បាល និងចៀមមួយម៉ឺនក្បាលដល់ប្រជាជនដែរ។ បូជាចារ្យមួយចំនួនធំបានធ្វើពិធីញែកខ្លួនឲ្យវិសុទ្ធ។
25. អង្គប្រជុំយូដាទាំងមូល រួមជាមួយក្រុមបូជាចារ្យ ក្រុមលេវី ប្រជាជនទាំងអស់មកពីស្រុកអ៊ីស្រាអែល និងជនបរទេសដែលមកពីស្រុកអ៊ីស្រាអែលក្ដី ឬរស់នៅក្នុងស្រុកយូដាក្ដី នាំគ្នាសប្បាយរីករាយក្រៃលែង។
26. នៅក្រុងយេរូសាឡឹមគេមានអំណរសប្បាយជាខ្លាំង គឺតាំងពីជំនាន់ព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ ស្ដេចស្រុកអ៊ីស្រាអែលតរៀងមក មិនដែលមានពិធីបុណ្យបែបនេះនៅក្រុងយេរូសាឡឹមទេ។
27. ក្រុមបូជាចារ្យ និងក្រុមលេវី នាំគ្នាក្រោកឡើង ជូនពរប្រជាជន។ ពាក្យទូលអង្វររបស់ពួកគេលាន់ឮឡើង រហូតដល់ព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះជាម្ចាស់នៅស្ថានបរមសុខ* ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យរបស់ពួកគេ។