18. ដ្បិតប្រជាជនមួយចំនួនធំ ជាពិសេសអ្នកដែលមកពីកុលសម្ព័ន្ធអេប្រាអ៊ីម ម៉ាណាសេ អ៊ីសាខារ និងសាប់យូឡូន ពុំបានធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធទេ។ ពួកគេបរិភោគក្នុងពិធីជប់លៀងបុណ្យចម្លង ពុំស្របតាមវិន័យដែលមានចែងទុកឡើយ។ ដូច្នេះ ព្រះបាទហេសេគាទូលអង្វរឲ្យពួកគេថា៖
19. «ឱព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំអើយ ព្រះអង្គប្រកបដោយព្រះហឫទ័យសប្បុរស សូមលើកលែងទោសឲ្យអស់អ្នកដែលស្វែងរកព្រះអង្គ ដោយស្មោះអស់ពីចិត្តនេះផង ទោះបីពួកគេពុំបានញែកខ្លួនជាបរិសុទ្ធថ្វាយព្រះអង្គនៅឡើយក៏ដោយ»។
20. ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់ព្រះបាទហេសេគា ព្រះអង្គមិនធ្វើទោសប្រជាជនឡើយ។
21. ជនជាតិអ៊ីស្រាអែលដែលមានវត្តមាននៅក្រុងយេរូសាឡឹម នាំគ្នាប្រារព្ធពិធីបុណ្យនំបុ័ងឥតមេយ៉ាងសប្បាយលើសលប់ អស់រយៈពេលប្រាំពីរថ្ងៃ។ រៀងរាល់ថ្ងៃ ក្រុមលេវី និងក្រុមបូជាចារ្យ សរសើរតម្កើងព្រះអម្ចាស់ ដោយប្រគំតូរ្យតន្ត្រីយ៉ាងរំពងថ្វាយព្រះអង្គ។