២ របាក្សត្រ 30:15-22 Khmer Standard Version (KHSV)

15. បន្ទាប់​មក ពួក​គេ​សម្លាប់​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា សម្រាប់​ពិធី​បុណ្យ​ចម្លង* នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ទី​ពីរ។ ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី នឹក​ខ្មាស​ខ្លួន ក៏​នាំ​គ្នា​ធ្វើ​ពិធី​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ រួច​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

16. ពួក​គេ​បំពេញ​មុខ‌ងារ​តាម​កន្លែង​រៀងៗ​ខ្លួន ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់។ ក្រុម​បូជា‌ចារ្យ​ទទួល​ឈាម​សត្វ​ពី​ក្រុម​លេវី យក​ទៅ​ប្រោះ​លើ​អាសនៈ។

17. នៅ​ក្នុង​អង្គ​ប្រជុំ ដោយ​មាន​មនុស្ស​ជា​ច្រើន​ពុំ​ទាន់​ធ្វើ​ពិធី​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ​នៅ​ឡើយ ក្រុម​លេវី​ក៏​សម្លាប់​សត្វ​សម្រាប់​ពិធី​បុណ្យ​ចម្លង ជំនួស​អស់​អ្នក​ដែល​មិន​បរិសុទ្ធ ដើម្បី​ញែក​ពួក​គេ​ថ្វាយ​ព្រះ‌អម្ចាស់

18. ដ្បិត​ប្រជា‌ជន​មួយ​ចំនួន​ធំ ជា​ពិសេស​អ្នក​ដែល​មក​ពី​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ម៉ាណា‌សេ អ៊ីសា‌ខារ និង​សាប់យូ‌ឡូន ពុំ​បាន​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​ទេ។ ពួក​គេ​បរិភោគ​ក្នុង​ពិធី​ជប់‌លៀង​បុណ្យ​ចម្លង ពុំ​ស្រប​តាម​វិន័យ​ដែល​មាន​ចែង​ទុក​ឡើយ។ ដូច្នេះ ព្រះ‌បាទ​ហេ‌សេគា​ទូល‌អង្វរ​ឲ្យ​ពួក​គេ​ថា៖

19. «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ខ្ញុំ​អើយ ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស សូម​លើក‌លែង​ទោស​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត​នេះ​ផង ទោះ​បី​ពួក​គេ​ពុំ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌អង្គ​នៅ​ឡើយ​ក៏​ដោយ»។

20. ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ព្រះ‌បាទ​ហេ‌សេគា ព្រះ‌អង្គ​មិន​ធ្វើ​ទោស​ប្រជា‌ជន​ឡើយ។

21. ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​មាន​វត្ត‌មាន​នៅ​ក្រុង​យេរូ‌សាឡឹម នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ​យ៉ាង​សប្បាយ​លើស‌លប់ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ រៀង​រាល់​ថ្ងៃ ក្រុម​លេវី និង​ក្រុម​បូជា‌ចារ្យ សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដោយ​ប្រគំ​តូរ្យ‌តន្ត្រី​យ៉ាង​រំពង​ថ្វាយ​ព្រះ‌អង្គ។

22. ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​លើក​ទឹក​ចិត្ត​ពួក​លេវី​ទាំង​អស់ ដែល​សុទ្ធ‌សឹង​តែ​ជា​អ្នក​ជំពាក់​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ‌អម្ចាស់។ ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ ប្រជា‌ជន​បរិភោគ​សាច់​របស់​សត្វ ដែល​គេ​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព* ហើយ​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ខ្លួន។

២ របាក្សត្រ 30