9. រីឯមាសដែលប្រើសម្រាប់ធ្វើដែកគោល មានទម្ងន់ហាសិបតម្លឹង ហើយបន្ទប់ខាងលើក៏ស្រោបមាសដែរ។
10. នៅក្នុងអាគារនៃទីសក្ការៈបំផុត ស្ដេចឲ្យគេឆ្លាក់រូបចេរូប៊ីន*មួយគូ ព្រមទាំងស្រោបមាសផង។
11. ស្លាបរបស់ចេរូប៊ីនទាំងពីរសរុបគ្នាមានប្រវែងម្ភៃហត្ថ គឺស្លាបម្ខាងរបស់ចេរូប៊ីនទីមួយ មានប្រវែងប្រាំហត្ថ លាតទៅទល់នឹងជញ្ជាំងព្រះដំណាក់ ស្លាបម្ខាងទៀតប្រវែងប្រាំហត្ថ លាតទៅទល់នឹងស្លាបរបស់ចេរូប៊ីនទីពីរ
12. រីឯស្លាបរបស់ចេរូប៊ីនទីពីរ មានប្រវែងប្រាំហត្ថ លាតទៅទល់ជញ្ជាំងព្រះដំណាក់ ហើយស្លាបម្ខាងទៀតមានប្រវែងប្រាំហត្ថ លាតទៅទល់នឹងស្លាបចេរូប៊ីនទីមួយ។
13. ដូច្នេះ ស្លាបរបស់ចេរូប៊ីនទាំងពីរ ដែលត្រដាងនោះ មានប្រវែងម្ភៃហត្ថ។ ចេរូប៊ីនទាំងពីរនេះឈរទន្ទឹមគ្នា បែរមុខទៅរកច្រកចូល។
14. ស្ដេចបានឲ្យគេធ្វើវាំងននអំពីក្រណាត់ទេសឯកម៉ដ្ដ មានពណ៌ស្វាយ ក្រហម ខៀវ ហើយមានប៉ាក់រូបចេរូប៊ីន នៅលើក្រណាត់នោះផង។
15. ស្ដេចបានឲ្យគេធ្វើសសរពីរ មានកំពស់សាមសិបប្រាំហត្ថ ដាក់នៅមុខព្រះដំណាក់ ហើយនៅចុងខាងលើសសរនីមួយៗ មានក្បាលសសរកំពស់ប្រាំហត្ថ។
16. ស្ដេចឲ្យគេធ្វើក្បាច់ច្រវាក់ ដូចនៅក្នុងទីសក្ការៈ ដាក់ភ្ជាប់ចុងខាងលើសសរដែរ។ បន្ទាប់មក ស្ដេចឲ្យគេធ្វើក្បាច់ផ្លែទទឹមចំនួនមួយរយ ភ្ជាប់ទៅនឹងក្បាច់ច្រវាក់ផង។
17. ស្ដេចឲ្យគេបញ្ឈរសសរទាំងពីរនៅមុខព្រះដំណាក់ គឺ សសរមួយនៅខាងស្ដាំ សសរមួយទៀតនៅខាងឆ្វេង រួចដាក់ឈ្មោះសសរខាងស្ដាំថា យ៉ាគីន និងសសរខាងឆ្វេង បូអូស។