1. ព្រះបាទសាឡូម៉ូនចាប់ផ្ដើមសង់ព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម លើភ្នំម៉ូរីយ៉ា ត្រង់កន្លែងដែលព្រះអម្ចាស់បានបង្ហាញព្រះបាទដាវីឌ ជាបិតា គឺកន្លែងដែលព្រះបាទដាវីឌបានបម្រុងទុក នៅទីលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
2. ព្រះបាទសាឡូម៉ូនចាប់ផ្ដើមសង់ព្រះដំណាក់នៅខែទីពីរ ក្នុងឆ្នាំទីបួននៃរជ្ជកាលរបស់ស្ដេច។
3. ព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះជាម្ចាស់នៅលើគ្រឹះ ដែលមានបណ្ដោយហុកសិបហត្ថ និងទទឹងម្ភៃហត្ថ តាមរង្វាស់ពីបុរាណ។
4. បន្ទប់ល្វែងខាងមុខមានបណ្ដោយម្ភៃហត្ថ ត្រូវនឹងរង្វាស់ទទឹងរបស់ព្រះដំណាក់ មានកំពស់មួយរយម្ភៃហត្ថ ហើយស្ដេចឲ្យគេស្រោបមាសសុទ្ធ នៅផ្នែកខាងក្នុងផង។
5. នៅតាមជញ្ជាំងបន្ទប់ធំ ស្ដេចបានឲ្យគេពាសឈើតាត្រៅ និងស្រោបមាសដ៏មានគុណភាពខ្ពស់ ព្រមទាំងឆ្លាក់ក្បាច់ដើមចាក និងច្រវាក់។
6. ស្ដេចឲ្យគេតុបតែងលំអបន្ទប់នេះដោយត្បូងពេជ្រដ៏មានតម្លៃ ហើយមាសដែលស្រោបនោះ សុទ្ធតែជាមាសមកពីស្រុកផាវែម។
7. ក្នុងព្រះដំណាក់នោះ ស្ដេចឲ្យគេស្រោបមាសទាំងធ្នឹម ទាំងក្របទ្វារ ទាំងជញ្ជាំង ទាំងសន្លឹកទ្វារ ហើយឲ្យគេឆ្លាក់រូបចេរូប៊ីននៅលើជញ្ជាំងទៀតផង។
8. ស្ដេចបានសង់បន្ទប់មួយ ហៅថា «ទីសក្ការៈបំផុត» មានបណ្ដោយម្ភៃហត្ថ ស្របនឹងរង្វាស់ទទឹងរបស់ព្រះដំណាក់ ហើយទទឹងរបស់បន្ទប់នោះក៏មានម្ភៃហត្ថដែរ។ ផ្នែកខាងក្នុង ស្ដេចឲ្យគេស្រោបមាសដែលមានគុណភាពខ្ពស់ ទម្ងន់ ៦០០ហាប។
9. រីឯមាសដែលប្រើសម្រាប់ធ្វើដែកគោល មានទម្ងន់ហាសិបតម្លឹង ហើយបន្ទប់ខាងលើក៏ស្រោបមាសដែរ។
10. នៅក្នុងអាគារនៃទីសក្ការៈបំផុត ស្ដេចឲ្យគេឆ្លាក់រូបចេរូប៊ីន*មួយគូ ព្រមទាំងស្រោបមាសផង។
11. ស្លាបរបស់ចេរូប៊ីនទាំងពីរសរុបគ្នាមានប្រវែងម្ភៃហត្ថ គឺស្លាបម្ខាងរបស់ចេរូប៊ីនទីមួយ មានប្រវែងប្រាំហត្ថ លាតទៅទល់នឹងជញ្ជាំងព្រះដំណាក់ ស្លាបម្ខាងទៀតប្រវែងប្រាំហត្ថ លាតទៅទល់នឹងស្លាបរបស់ចេរូប៊ីនទីពីរ
12. រីឯស្លាបរបស់ចេរូប៊ីនទីពីរ មានប្រវែងប្រាំហត្ថ លាតទៅទល់ជញ្ជាំងព្រះដំណាក់ ហើយស្លាបម្ខាងទៀតមានប្រវែងប្រាំហត្ថ លាតទៅទល់នឹងស្លាបចេរូប៊ីនទីមួយ។