4. ស្ដេចបានត្រាស់ហៅក្រុមបូជាចារ្យ និងក្រុមលេវី ឲ្យមកជួបជុំគ្នានៅព្រលានខាងកើត
5. រួចមានរាជឱង្ការទៅពួកគេថា៖ «កូនចៅលេវីអើយ សូមស្ដាប់ខ្ញុំ! ឥឡូវនេះ សូមអ្នករាល់គ្នាញែកខ្លួនឲ្យបានវិសុទ្ធ ហើយញែកព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃដូនតារបស់អ្នករាល់គ្នា ឲ្យបានវិសុទ្ធដែរ។ ចូរយកអ្វីៗដែលមិនបរិសុទ្ធចេញទៅខាងក្រៅទីសក្ការៈ។
6. ដូនតារបស់ពួកយើងបានបែកចិត្តចេញពីព្រះអម្ចាស់ ព្រមទាំងប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះនៃយើង។ ពួកលោកបានបោះបង់ចោលព្រះអង្គ ពួកលោកងាកមុខចេញពីទីសក្ការៈរបស់ព្រះអម្ចាស់ ព្រមទាំងបែរខ្នងដាក់ទៀតផង។
7. ពួកលោកបានបិទទ្វារព្រះវិហារ និងពន្លត់ចង្កៀង ហើយលែងថ្វាយគ្រឿងក្រអូប ឬតង្វាយដុត*ទាំងមូល ចំពោះព្រះនៃជនជាតិអ៊ីស្រាអែល នៅក្នុងទីសក្ការៈនេះ។
8. ហេតុនេះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងស្រុកយូដា និងក្រុងយេរូសាឡឹម ព្រះអង្គធ្វើឲ្យស្រុកនេះ និងក្រុងនេះក្លាយជាទីស្មសាន ដែលធ្វើឲ្យមនុស្សម្នាព្រឺខ្លាច ហើយប្រមាថមាក់ងាយ ដូចអ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែកស្រាប់។
9. ព្រោះតែកំហុសនោះ ដូនតារបស់ពួកយើងបានដួលស្លាប់ដោយមុខដាវ កូនប្រុស កូនស្រី និងភរិយារបស់ពួកយើង ត្រូវខ្មាំងកៀរទៅជាឈ្លើយ។
10. ឥឡូវនេះ ខ្ញុំមានបំណងចងសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដើម្បីសូមព្រះអង្គពង្វាងព្រះពិរោធចេញពីពួកយើង។
11. ឥឡូវនេះ សូមកូនចៅលែងខ្ជីខ្ជាទៀតទៅ ដ្បិតព្រះអម្ចាស់បានជ្រើសរើសអ្នករាល់គ្នា ឲ្យឈរនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដើម្បីបំពេញមុខងារបម្រើព្រះអង្គ ក្នុងការថ្វាយគ្រឿងក្រអូប»។
12. ពេលនោះ កូនចៅលេវីនាំគ្នាក្រោកឡើង គឺក្នុងអំបូរកេហាត់ មានលោកម៉ាហាត់ ជាកូនរបស់អម៉ាសាយ លោកយ៉ូអែល ជាកូនរបស់លោកអសារា។ ក្នុងអំបូរម៉្រារី មានលោកគីស ជាកូនរបស់លោកអាប់ឌី លោកអសារា ជាកូនរបស់លោកយេហាលែល។ ក្នុងអំបូរគើរសុនមានលោកយ៉ូអា។ ក្នុងអំបូរស៊ីម៉្មាមានលោកអេដេន ជាកូនរបស់លោកយ៉ូអា។
13. ក្នុងអំបូរអេលីសាផានមានលោកស៊ីមរី និងលោកយីអែល។ ក្នុងអំបូរអេសាភមានលោកសាការី និងលោកម៉ាថានា។
14. ក្នុងអំបូរហេម៉ានមានលោកយីអែល និងលោកស៊ីម៉ៃ។ ក្នុងអំបូរយេឌូថិនមានលោកសេម៉ាយ៉ា និងលោកអ៊ូស៊ាល។
15. អ្នកទាំងនោះបានប្រមូលផ្ដុំបងប្អូនរបស់ពួកគេ មកញែកខ្លួនឲ្យបានវិសុទ្ធ ហើយធ្វើពិធីជម្រះព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យបានបរិសុទ្ធ តាមបញ្ជារបស់ស្ដេច និងស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
16. ក្រុមបូជាចារ្យនាំគ្នាចូលទៅខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីធ្វើពិធីជម្រះព្រះដំណាក់ឲ្យបានបរិសុទ្ធ។ ពួកគេយកអ្វីៗមិនបរិសុទ្ធដែលគេរកឃើញ នៅខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ចេញមកទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់ ហើយក្រុមលេវីយកចេញទៅក្រៅ បោះចោលនៅជ្រោះកេដ្រូន។
17. ពួកគេធ្វើពិធីញែកព្រះដំណាក់ឲ្យបានវិសុទ្ធ*នៅថ្ងៃទីមួយ ក្នុងខែទីមួយ។ នៅថ្ងៃទីប្រាំបី ពួកគេចូលទៅក្នុងបន្ទប់ល្វែងនៃព្រះដំណាក់របស់ព្រះអម្ចាស់ ហើយចំណាយពេលប្រាំបីថ្ងៃទៀត ដើម្បីធ្វើពិធីញែកព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យបានវិសុទ្ធ។ ពួកគេធ្វើពិធីនេះចប់សព្វគ្រប់ នៅថ្ងៃទីដប់ប្រាំមួយ។
18. បន្ទាប់មក ក្រុមលេវីនាំគ្នាទៅគាល់ព្រះបាទហេសេគាទូលថា៖ «យើងខ្ញុំព្រះករុណាធ្វើពិធីជម្រះព្រះដំណាក់ទាំងមូលរបស់ព្រះអម្ចាស់ ព្រមទាំងអាសនៈថ្វាយតង្វាយដុតទាំងមូល និងគ្រឿងបរិក្ខារទាំងអស់ដែលត្រូវប្រើប្រាស់ជាមួយ តុតម្កល់នំបុ័ង និងគ្រឿងបរិក្ខារទាំងអស់ដែលត្រូវប្រើប្រាស់ជាមួយ ចប់សព្វគ្រប់ហើយ។