29. ពេលថ្វាយតង្វាយដុតរួចរាល់ហើយ ព្រះរាជា និងអស់អ្នកដែលនៅជាមួយស្ដេច នាំគ្នាក្រាបចុះថ្វាយបង្គំ។
30. បន្ទាប់មក ព្រះបាទហេសេគា និងពួកមន្ត្រីបង្គាប់ឲ្យក្រុមលេវីច្រៀងសរសើរតម្កើងព្រះអម្ចាស់ តាមទំនុកដែលព្រះបាទដាវីឌ និងលោកអេសាភ ជាគ្រូទាយ បានតែង។ ពួកគេសរសើរតម្កើងព្រះអង្គ ដោយអំណរសប្បាយដ៏លើសលប់ រួចនាំគ្នាអោនកាយក្រាបថ្វាយបង្គំ។
31. ពេលនោះ ព្រះបាទហេសេគាមានរាជឱង្ការទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាយកតង្វាយមកថ្វាយព្រះអម្ចាស់។ ឥឡូវនេះ ចូរនាំសត្វដែលអ្នករាល់គ្នាត្រូវថ្វាយជាយញ្ញបូជាអរព្រះគុណ ចូលទៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ចុះ»។ អង្គប្រជុំក៏នាំសត្វដែលត្រូវថ្វាយជាយញ្ញបូជាចូលមកថ្វាយ ដើម្បីអរព្រះគុណ។ អស់អ្នកដែលមានចិត្តទូលាយក៏បានថ្វាយតង្វាយដុតទាំងមូលដែរ។
32. ចំនួនសត្វដែលអង្គប្រជុំយកមកថ្វាយជាតង្វាយដុតទាំងមូល មានគោចិតសិបក្បាល ចៀមឈ្មោលមួយរយក្បាល កូនចៀមពីររយក្បាល។ គេថ្វាយសត្វទាំងនោះជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។
33. គេក៏បានយកគោប្រាំមួយរយក្បាល និងចៀមបីពាន់ក្បាលទៀត មកថ្វាយជាយញ្ញបូជាផ្សេងៗដែរ។
34. ដោយបូជាចារ្យមានគ្នាតិចពេកមិនអាចបកស្បែកសត្វទាំងអស់ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូលបាន ក្រុមលេវីដែលជាបងប្អូនរបស់គេនាំគ្នាជួយ រហូតទាល់តែបង្ហើយកិច្ចការ ដោយទុកឲ្យក្រុមបូជាចារ្យធ្វើពិធីញែកខ្លួនឲ្យបានវិសុទ្ធ ដ្បិតក្រុមលេវីមានចិត្តខ្នះខ្នែង ក្នុងការញែកខ្លួនឲ្យបានវិសុទ្ធជាងក្រុមបូជាចារ្យ។
35. មួយវិញទៀត ក្រៅពីចំនួនតង្វាយដុតទាំងមូលដ៏ច្រើន រួមទាំងស្រាដែលច្រួចជាមួយនោះ គេក៏ត្រូវថ្វាយខ្លាញ់របស់សត្វ ដែលថ្វាយជាយញ្ញបូជាមេត្រីភាពនៅលើអាសនៈដែរ។ដូច្នេះ គេបានចាត់ចែងឲ្យមានពិធីគោរពបម្រើព្រះអម្ចាស់ នៅក្នុងព្រះដំណាក់របស់ព្រះអង្គឡើងវិញ។
36. ព្រះបាទហេសេគា និងប្រជាជនទាំងមូល សប្បាយរីករាយក្រៃលែង ព្រោះព្រះជាម្ចាស់ជួយគេឲ្យសម្រេចការនេះបាន ដោយឥតបង្អែបង្អង់ឡើយ។