28. អង្គប្រជុំទាំងមូលនាំគ្នាក្រាបថ្វាយបង្គំ រីឯអ្នកចម្រៀងនាំគ្នាច្រៀង ជាមួយសំឡេងត្រែ រហូតទាល់តែគេថ្វាយតង្វាយដុតចប់សព្វគ្រប់។
29. ពេលថ្វាយតង្វាយដុតរួចរាល់ហើយ ព្រះរាជា និងអស់អ្នកដែលនៅជាមួយស្ដេច នាំគ្នាក្រាបចុះថ្វាយបង្គំ។
30. បន្ទាប់មក ព្រះបាទហេសេគា និងពួកមន្ត្រីបង្គាប់ឲ្យក្រុមលេវីច្រៀងសរសើរតម្កើងព្រះអម្ចាស់ តាមទំនុកដែលព្រះបាទដាវីឌ និងលោកអេសាភ ជាគ្រូទាយ បានតែង។ ពួកគេសរសើរតម្កើងព្រះអង្គ ដោយអំណរសប្បាយដ៏លើសលប់ រួចនាំគ្នាអោនកាយក្រាបថ្វាយបង្គំ។
31. ពេលនោះ ព្រះបាទហេសេគាមានរាជឱង្ការទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាយកតង្វាយមកថ្វាយព្រះអម្ចាស់។ ឥឡូវនេះ ចូរនាំសត្វដែលអ្នករាល់គ្នាត្រូវថ្វាយជាយញ្ញបូជាអរព្រះគុណ ចូលទៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ចុះ»។ អង្គប្រជុំក៏នាំសត្វដែលត្រូវថ្វាយជាយញ្ញបូជាចូលមកថ្វាយ ដើម្បីអរព្រះគុណ។ អស់អ្នកដែលមានចិត្តទូលាយក៏បានថ្វាយតង្វាយដុតទាំងមូលដែរ។
32. ចំនួនសត្វដែលអង្គប្រជុំយកមកថ្វាយជាតង្វាយដុតទាំងមូល មានគោចិតសិបក្បាល ចៀមឈ្មោលមួយរយក្បាល កូនចៀមពីររយក្បាល។ គេថ្វាយសត្វទាំងនោះជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។