21. គេនាំគោបាប្រាំពីរ ចៀមឈ្មោលប្រាំពីរ កូនចៀមប្រាំពីរ និងពពែឈ្មោលប្រាំពីរ ទៅថ្វាយជាយញ្ញបូជារំដោះបាបសម្រាប់ព្រះរាជវង្ស ទីសក្ការៈ និងប្រជាជនស្រុកយូដា។ ព្រះរាជាបង្គាប់ក្រុមបូជាចារ្យ* ជាពូជពង្សរបស់លោកអើរ៉ុន ឲ្យយកសត្វទាំងនោះធ្វើយញ្ញបូជា នៅលើអាសនៈរបស់ព្រះអម្ចាស់។
22. បូជាចារ្យនាំគ្នាសម្លាប់គោ រួចទទួលយកឈាមទៅប្រោះលើអាសនៈ។ បន្ទាប់មក គេសម្លាប់ចៀមឈ្មោល យកឈាមប្រោះលើអាសនៈ ហើយសម្លាប់កូនចៀម យកឈាមប្រោះលើអាសនៈ។
23. បន្ទាប់មកទៀត គេនាំពពែឈ្មោលដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប មកដាក់នៅមុខស្ដេច និងនៅមុខអង្គប្រជុំ។ ស្ដេច ព្រមទាំងអ្នកឯទៀតៗ ក៏ដាក់ដៃលើពពែឈ្មោលទាំងនោះ។
24. ក្រុមបូជាចារ្យក៏សម្លាប់ពពែឈ្មោល ហើយថ្វាយឈាមនៅលើអាសនៈ ទូលសូមព្រះជាម្ចាស់រំដោះបាបជនជាតិអ៊ីស្រាអែលទាំងមូល ដ្បិតព្រះរាជាបានប្រកាសថា តង្វាយដុតទាំងមូល* និងយញ្ញបូជារំដោះបាបនេះ ត្រូវថ្វាយសម្រាប់ជនជាតិអ៊ីស្រាអែលទាំងមូល។
25. ព្រះរាជាចាត់ក្រុមលេវីឲ្យឈរនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដោយកាន់ស្គរ ឃឹម និងពិណ ស្របតាមបទបញ្ជារបស់ព្រះបាទដាវីឌ និងលោកកាដ ជាគ្រូទាយរបស់ស្ដេច ព្រមទាំងព្យាការីណាថាន ដ្បិតព្រះអម្ចាស់បង្គាប់ដូច្នេះ តាមរយៈព្យាការីរបស់ព្រះអង្គ។
26. ក្រុមលេវីឈរនៅកន្លែងរបស់ខ្លួន ទាំងកាន់ឧបករណ៍តន្ត្រីរបស់ព្រះបាទដាវីឌ ហើយក្រុមបូជាចារ្យកាន់ត្រែ។
27. ព្រះបាទហេសេគាបង្គាប់ឲ្យគេថ្វាយតង្វាយដុតទាំងមូលនៅលើអាសនៈ។ នៅពេលគេចាប់ផ្ដើមថ្វាយតង្វាយដុតទាំងមូល គេក៏ចាប់ផ្ដើមច្រៀងថ្វាយព្រះអម្ចាស់ ដោយមានត្រែ និងឧបករណ៍តន្ត្រីរបស់ព្រះបាទដាវីឌ ជាស្ដេចស្រុកអ៊ីស្រាអែល ប្រគំកំដរផង។
28. អង្គប្រជុំទាំងមូលនាំគ្នាក្រាបថ្វាយបង្គំ រីឯអ្នកចម្រៀងនាំគ្នាច្រៀង ជាមួយសំឡេងត្រែ រហូតទាល់តែគេថ្វាយតង្វាយដុតចប់សព្វគ្រប់។
29. ពេលថ្វាយតង្វាយដុតរួចរាល់ហើយ ព្រះរាជា និងអស់អ្នកដែលនៅជាមួយស្ដេច នាំគ្នាក្រាបចុះថ្វាយបង្គំ។
30. បន្ទាប់មក ព្រះបាទហេសេគា និងពួកមន្ត្រីបង្គាប់ឲ្យក្រុមលេវីច្រៀងសរសើរតម្កើងព្រះអម្ចាស់ តាមទំនុកដែលព្រះបាទដាវីឌ និងលោកអេសាភ ជាគ្រូទាយ បានតែង។ ពួកគេសរសើរតម្កើងព្រះអង្គ ដោយអំណរសប្បាយដ៏លើសលប់ រួចនាំគ្នាអោនកាយក្រាបថ្វាយបង្គំ។