11. ឥឡូវនេះ សូមកូនចៅលែងខ្ជីខ្ជាទៀតទៅ ដ្បិតព្រះអម្ចាស់បានជ្រើសរើសអ្នករាល់គ្នា ឲ្យឈរនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដើម្បីបំពេញមុខងារបម្រើព្រះអង្គ ក្នុងការថ្វាយគ្រឿងក្រអូប»។
12. ពេលនោះ កូនចៅលេវីនាំគ្នាក្រោកឡើង គឺក្នុងអំបូរកេហាត់ មានលោកម៉ាហាត់ ជាកូនរបស់អម៉ាសាយ លោកយ៉ូអែល ជាកូនរបស់លោកអសារា។ ក្នុងអំបូរម៉្រារី មានលោកគីស ជាកូនរបស់លោកអាប់ឌី លោកអសារា ជាកូនរបស់លោកយេហាលែល។ ក្នុងអំបូរគើរសុនមានលោកយ៉ូអា។ ក្នុងអំបូរស៊ីម៉្មាមានលោកអេដេន ជាកូនរបស់លោកយ៉ូអា។
13. ក្នុងអំបូរអេលីសាផានមានលោកស៊ីមរី និងលោកយីអែល។ ក្នុងអំបូរអេសាភមានលោកសាការី និងលោកម៉ាថានា។
14. ក្នុងអំបូរហេម៉ានមានលោកយីអែល និងលោកស៊ីម៉ៃ។ ក្នុងអំបូរយេឌូថិនមានលោកសេម៉ាយ៉ា និងលោកអ៊ូស៊ាល។
15. អ្នកទាំងនោះបានប្រមូលផ្ដុំបងប្អូនរបស់ពួកគេ មកញែកខ្លួនឲ្យបានវិសុទ្ធ ហើយធ្វើពិធីជម្រះព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យបានបរិសុទ្ធ តាមបញ្ជារបស់ស្ដេច និងស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
16. ក្រុមបូជាចារ្យនាំគ្នាចូលទៅខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីធ្វើពិធីជម្រះព្រះដំណាក់ឲ្យបានបរិសុទ្ធ។ ពួកគេយកអ្វីៗមិនបរិសុទ្ធដែលគេរកឃើញ នៅខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ចេញមកទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់ ហើយក្រុមលេវីយកចេញទៅក្រៅ បោះចោលនៅជ្រោះកេដ្រូន។
17. ពួកគេធ្វើពិធីញែកព្រះដំណាក់ឲ្យបានវិសុទ្ធ*នៅថ្ងៃទីមួយ ក្នុងខែទីមួយ។ នៅថ្ងៃទីប្រាំបី ពួកគេចូលទៅក្នុងបន្ទប់ល្វែងនៃព្រះដំណាក់របស់ព្រះអម្ចាស់ ហើយចំណាយពេលប្រាំបីថ្ងៃទៀត ដើម្បីធ្វើពិធីញែកព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យបានវិសុទ្ធ។ ពួកគេធ្វើពិធីនេះចប់សព្វគ្រប់ នៅថ្ងៃទីដប់ប្រាំមួយ។