1. ព្រះបាទហេសេគាបានឡើងសោយរាជ្យ ក្នុងព្រះជន្មាយុម្ភៃប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថាអប៊ីយ៉ា ជាកូនរបស់លោកសាការី។
2. ស្ដេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទដាវីឌជាព្រះអយ្យកោ ឥតខុសត្រង់ណាឡើយ។
3. នៅខែទីមួយ ក្នុងឆ្នាំទីមួយនៃរជ្ជកាលរបស់ស្ដេច ព្រះបាទហេសេគាបើកទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ ព្រមទាំងជួសជុលឡើងវិញ។
4. ស្ដេចបានត្រាស់ហៅក្រុមបូជាចារ្យ និងក្រុមលេវី ឲ្យមកជួបជុំគ្នានៅព្រលានខាងកើត
5. រួចមានរាជឱង្ការទៅពួកគេថា៖ «កូនចៅលេវីអើយ សូមស្ដាប់ខ្ញុំ! ឥឡូវនេះ សូមអ្នករាល់គ្នាញែកខ្លួនឲ្យបានវិសុទ្ធ ហើយញែកព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃដូនតារបស់អ្នករាល់គ្នា ឲ្យបានវិសុទ្ធដែរ។ ចូរយកអ្វីៗដែលមិនបរិសុទ្ធចេញទៅខាងក្រៅទីសក្ការៈ។
6. ដូនតារបស់ពួកយើងបានបែកចិត្តចេញពីព្រះអម្ចាស់ ព្រមទាំងប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះនៃយើង។ ពួកលោកបានបោះបង់ចោលព្រះអង្គ ពួកលោកងាកមុខចេញពីទីសក្ការៈរបស់ព្រះអម្ចាស់ ព្រមទាំងបែរខ្នងដាក់ទៀតផង។
7. ពួកលោកបានបិទទ្វារព្រះវិហារ និងពន្លត់ចង្កៀង ហើយលែងថ្វាយគ្រឿងក្រអូប ឬតង្វាយដុត*ទាំងមូល ចំពោះព្រះនៃជនជាតិអ៊ីស្រាអែល នៅក្នុងទីសក្ការៈនេះ។
8. ហេតុនេះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងស្រុកយូដា និងក្រុងយេរូសាឡឹម ព្រះអង្គធ្វើឲ្យស្រុកនេះ និងក្រុងនេះក្លាយជាទីស្មសាន ដែលធ្វើឲ្យមនុស្សម្នាព្រឺខ្លាច ហើយប្រមាថមាក់ងាយ ដូចអ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែកស្រាប់។