6. គឺក្នុងថ្ងៃតែមួយ ព្រះបាទពេកា ជាកូនរបស់លោករេម៉ាលា ប្រហារជនជាតិយូដាអស់១២០ ០០០នាក់ ដែលសុទ្ធសឹងជាទាហានដ៏អង់អាច ដ្បិតអ្នកទាំងនោះបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន។
7. លោកស៊ីកគ្រី ជាអ្នកចំបាំងដ៏ពូកែ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម បានប្រហារជីវិតសម្ដេចម៉ាសេយ៉ា ជាបុត្ររបស់ព្រះបាទអហាស ព្រមទាំងលោកអាសរីកាំ ជាអ្នកគ្រប់គ្រងព្រះរាជវាំង និងលោកអែលកាណា ជាមន្ត្រីជំនិតរបស់ស្ដេច។
8. ជនជាតិអ៊ីស្រាអែលចាប់ជនជាតិយូដា ជាបងប្អូនរបស់ខ្លួន ទៅជាឈ្លើយចំនួន ២០០ ០០០នាក់ គឺមានស្ត្រី និងក្មេងប្រុសស្រី ព្រមទាំងនាំយកជយភ័ណ្ឌជាច្រើន ទៅក្រុងសាម៉ារី។
9. មានព្យាការីមួយរូបរបស់ព្រះអម្ចាស់ ឈ្មោះអូដេឌ បានចេញទៅជួបកងទ័ពអ៊ីស្រាអែល ដែលវិលមកក្រុងសាម៉ារីវិញ។ លោកមានប្រសាសន៍ទៅពួកគេថា៖ «ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ទ្រង់ព្រះពិរោធយ៉ាងខ្លាំងទាស់នឹងជនជាតិយូដា ព្រះអង្គបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។ ប៉ុន្តែ អ្នករាល់គ្នាសម្លាប់រង្គាលពួកគេយ៉ាងសាហាវ ធ្វើឲ្យសម្រែកលាន់ឮដល់ផ្ទៃមេឃ។
10. ឥឡូវនេះ អ្នករាល់គ្នាមានបំណងយកប្រជាជនប្រុសស្រីនៃស្រុកយូដា និងក្រុងយេរូសាឡឹម ធ្វើជាទាសករទៀត! ចំណែកឯអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាពុំបានធ្វើខុសចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាទេឬ?
11. ដូច្នេះ សូមស្ដាប់ខ្ញុំ សូមដោះលែងបងប្អូនរបស់អ្នករាល់គ្នាដែលអ្នករាល់គ្នាបានចាប់មកជាឈ្លើយនៅពេលនេះចុះ ដ្បិតព្រះអម្ចាស់កំពុងតែព្រះពិរោធទាស់នឹងអ្នករាល់គ្នាហើយ»។
12. ពេលនោះ មានមេបញ្ជាការកងទ័ពអេប្រាអ៊ីមមួយចំនួន គឺលោកអសារាជាកូនរបស់លោកយ៉ូហាណាន លោកបេរេគាជាកូនរបស់លោកមស៊ីលេម៉ុត លោកយេហ៊ីសេគាជាកូនរបស់លោកសាលូម និងលោកអម៉ាសាជាកូនរបស់លោកហាដឡៃ បាននាំគ្នាជំទាស់នឹងកងទ័ពដែលវិលមកពីច្បាំងវិញ។
13. លោកទាំងនោះពោលទៅពួកគេថា៖ «សូមកុំនាំឈ្លើយសឹកមកទីនេះឡើយ! អ្នករាល់គ្នាមុខជាធ្វើឲ្យពួកយើងមានទោសយ៉ាងធ្ងន់ចំពោះព្រះអម្ចាស់ ថែមពីលើអំពើបាប និងកំហុសដ៏ធ្ងន់ធ្ងរ ដែលពួកយើងកំពុងតែមាននេះស្រាប់! ព្រះអម្ចាស់កំពុងតែព្រះពិរោធទាស់នឹងជនជាតិអ៊ីស្រាអែលហើយ!»។
14. ពួកទាហានក៏ដោះលែងឈ្លើយសឹក នៅចំពោះមុខមេដឹកនាំ និងអង្គប្រជុំទាំងមូល ហើយពួកគេក៏បោះបង់ចោលជយភ័ណ្ឌដែរ។
15. គេបានចាត់តាំងទាហានមួយចំនួន តាមឈ្មោះរបស់ខ្លួន ឲ្យជួយពួកឈ្លើយសឹក គឺយកសម្លៀកបំពាក់ និងស្បែកជើងពីក្នុងរបស់ជយភ័ណ្ឌ មកពាក់ឲ្យអ្នកដែលនៅខ្លួនទទេ យកអាហារ និងទឹកមកឲ្យពួកគេបរិភោគ ព្រមទាំងព្យាបាលអ្នករបួស ហើយលើកអ្នកដែលដើរពុំបានដាក់លើខ្នងលា រួចនាំពួកគេទៅជួបជុំបងប្អូនរបស់ខ្លួន នៅក្រុងយេរីខូ ជាក្រុងដើមលម៉ើ។ បន្ទាប់មក ទាហានទាំងនោះវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។
16. នៅគ្រានោះ ព្រះបាទអហាសចាត់អ្នកនាំសារទៅពឹងស្ដេចស្រុកអាស្ស៊ីរីឲ្យមកជួយ
17. ដ្បិតកងទ័ពអេដុមបានវាយស្រុកយូដាសាជាថ្មី ហើយចាប់ប្រជាជនទៅជាឈ្លើយ។
18. មួយវិញទៀត កងទ័ពភីលីស្ទីនក៏វាយលុកតំបន់វាលរាប និងតំបន់ខាងត្បូងនៃស្រុកយូដា ហើយដណ្ដើមយកបានក្រុងបេតសេមែស អាយ៉ាឡូន កេដេរ៉ូត សូគរ និងស្រុកភូមិដែលនៅជុំវិញ ព្រមទាំងក្រុងធីមណា និងស្រុកភូមិដែលនៅជុំវិញ ក្រុងគីមសូ និងស្រុកភូមិដែលនៅជុំវិញ រួចពួកគេតាំងទីលំនៅតាមក្រុងទាំងនោះ។
19. ព្រះអម្ចាស់ធ្វើឲ្យស្រុកយូដាបាត់បង់កិត្តិយស មកពីព្រះបាទអហាសជំរុញប្រជាជនឲ្យឈប់រវីរវល់នឹងព្រះអម្ចាស់ ហើយស្ដេចក៏បែកចិត្តចេញពីព្រះអង្គដែរ។
20. ព្រះចៅទីកឡាត-ពេលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយព្រះបាទអហាស និងចាត់ទុកស្ដេចជាសត្រូវ គឺពុំបានជួយគាំទ្រស្ដេចឡើយ។