15. គេបានចាត់តាំងទាហានមួយចំនួន តាមឈ្មោះរបស់ខ្លួន ឲ្យជួយពួកឈ្លើយសឹក គឺយកសម្លៀកបំពាក់ និងស្បែកជើងពីក្នុងរបស់ជយភ័ណ្ឌ មកពាក់ឲ្យអ្នកដែលនៅខ្លួនទទេ យកអាហារ និងទឹកមកឲ្យពួកគេបរិភោគ ព្រមទាំងព្យាបាលអ្នករបួស ហើយលើកអ្នកដែលដើរពុំបានដាក់លើខ្នងលា រួចនាំពួកគេទៅជួបជុំបងប្អូនរបស់ខ្លួន នៅក្រុងយេរីខូ ជាក្រុងដើមលម៉ើ។ បន្ទាប់មក ទាហានទាំងនោះវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។
16. នៅគ្រានោះ ព្រះបាទអហាសចាត់អ្នកនាំសារទៅពឹងស្ដេចស្រុកអាស្ស៊ីរីឲ្យមកជួយ
17. ដ្បិតកងទ័ពអេដុមបានវាយស្រុកយូដាសាជាថ្មី ហើយចាប់ប្រជាជនទៅជាឈ្លើយ។
18. មួយវិញទៀត កងទ័ពភីលីស្ទីនក៏វាយលុកតំបន់វាលរាប និងតំបន់ខាងត្បូងនៃស្រុកយូដា ហើយដណ្ដើមយកបានក្រុងបេតសេមែស អាយ៉ាឡូន កេដេរ៉ូត សូគរ និងស្រុកភូមិដែលនៅជុំវិញ ព្រមទាំងក្រុងធីមណា និងស្រុកភូមិដែលនៅជុំវិញ ក្រុងគីមសូ និងស្រុកភូមិដែលនៅជុំវិញ រួចពួកគេតាំងទីលំនៅតាមក្រុងទាំងនោះ។
19. ព្រះអម្ចាស់ធ្វើឲ្យស្រុកយូដាបាត់បង់កិត្តិយស មកពីព្រះបាទអហាសជំរុញប្រជាជនឲ្យឈប់រវីរវល់នឹងព្រះអម្ចាស់ ហើយស្ដេចក៏បែកចិត្តចេញពីព្រះអង្គដែរ។
20. ព្រះចៅទីកឡាត-ពេលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយព្រះបាទអហាស និងចាត់ទុកស្ដេចជាសត្រូវ គឺពុំបានជួយគាំទ្រស្ដេចឡើយ។
21. ព្រះបាទអហាសយកទ្រព្យពីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រមទាំងទ្រព្យនៅក្នុងវាំង និងក្នុងផ្ទះមេដឹកនាំ ទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។ ប៉ុន្តែ ស្ដេចស្រុកអាស្ស៊ីរីនៅតែពុំព្រមជួយដដែល។
22. ទោះបីព្រះបាទអហាសស្ថិតក្នុងភាពអាសន្នយ៉ាងនេះក្ដី ក៏ស្ដេចនៅតែបែកចិត្តចេញពីព្រះអម្ចាស់ដដែល។
23. ស្ដេចធ្វើយញ្ញបូជាដល់ព្រះទាំងឡាយនៃក្រុងដាម៉ាស ដែលបានប្រហារឈ្នះស្ដេច ដ្បិតស្ដេចគិតថា «ព្រះរបស់ស្ដេចស្រុកស៊ីរីតែងតែជួយស្ដេចស្រុកអាស្ស៊ីរី ដូច្នេះ ខ្ញុំថ្វាយយញ្ញបូជាដល់ព្រះទាំងនោះ ដើម្បីឲ្យទ្រង់យាងមកជួយខ្ញុំដែរ!»។ ប៉ុន្តែ ព្រះទាំងនោះបណ្ដាលឲ្យស្ដេច និងប្រជាជនអ៊ីស្រាអែលទាំងមូលវិនាស។
24. ព្រះបាទអហាសប្រមូលវត្ថុផ្សេងៗនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ មកកម្ទេចចោល។ ស្ដេចបានបិទទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ រួចសង់អាសនៈ នៅគ្រប់ច្រកល្ហកក្នុងក្រុងយេរូសាឡឹម។