1. ព្រះបាទអហាសឡើងសោយរាជ្យ ក្នុងជន្មាយុម្ភៃព្រះវស្សា ទ្រង់សោយរាជ្យបានដប់ប្រាំមួយឆ្នាំ នៅក្រុងយេរូសាឡឹម។ ស្ដេចពុំបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទដាវីឌ ជាព្រះអយ្យកោឡើយ។
2. ស្ដេចដើរតាមផ្លូវរបស់ស្ដេចនានា នៅស្រុកអ៊ីស្រាអែល គឺទ្រង់ហ៊ានរហូតដល់ធ្វើរូបចម្លាក់ពីលង្ហិន សម្រាប់ព្រះបាលទៀតផង។
3. ស្ដេចដុតគ្រឿងក្រអូបនៅជ្រលងភ្នំហ៊ីនណម និងយកបុត្រទៅបូជាយញ្ញ តាមទំនៀមទម្លាប់គួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងឡាយ ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រាអែល។
4. ស្ដេចបានធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅតាមភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចីផង។
5. ព្រះអម្ចាស់ជាព្រះរបស់ស្ដេច បានប្រគល់ស្ដេចទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកស៊ីរី។ កងទ័ពស៊ីរីវាយឈ្នះព្រះបាទអហាស រួចចាប់ប្រជាជនជាច្រើនយកទៅជាឈ្លើយនៅក្រុងដាម៉ាស។ ព្រះបាទអហាសក៏ត្រូវបរាជ័យយ៉ាងធ្ងន់ ហើយធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអ៊ីស្រាអែលដែរ
6. គឺក្នុងថ្ងៃតែមួយ ព្រះបាទពេកា ជាកូនរបស់លោករេម៉ាលា ប្រហារជនជាតិយូដាអស់១២០ ០០០នាក់ ដែលសុទ្ធសឹងជាទាហានដ៏អង់អាច ដ្បិតអ្នកទាំងនោះបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន។
7. លោកស៊ីកគ្រី ជាអ្នកចំបាំងដ៏ពូកែ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម បានប្រហារជីវិតសម្ដេចម៉ាសេយ៉ា ជាបុត្ររបស់ព្រះបាទអហាស ព្រមទាំងលោកអាសរីកាំ ជាអ្នកគ្រប់គ្រងព្រះរាជវាំង និងលោកអែលកាណា ជាមន្ត្រីជំនិតរបស់ស្ដេច។
8. ជនជាតិអ៊ីស្រាអែលចាប់ជនជាតិយូដា ជាបងប្អូនរបស់ខ្លួន ទៅជាឈ្លើយចំនួន ២០០ ០០០នាក់ គឺមានស្ត្រី និងក្មេងប្រុសស្រី ព្រមទាំងនាំយកជយភ័ណ្ឌជាច្រើន ទៅក្រុងសាម៉ារី។
9. មានព្យាការីមួយរូបរបស់ព្រះអម្ចាស់ ឈ្មោះអូដេឌ បានចេញទៅជួបកងទ័ពអ៊ីស្រាអែល ដែលវិលមកក្រុងសាម៉ារីវិញ។ លោកមានប្រសាសន៍ទៅពួកគេថា៖ «ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ទ្រង់ព្រះពិរោធយ៉ាងខ្លាំងទាស់នឹងជនជាតិយូដា ព្រះអង្គបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។ ប៉ុន្តែ អ្នករាល់គ្នាសម្លាប់រង្គាលពួកគេយ៉ាងសាហាវ ធ្វើឲ្យសម្រែកលាន់ឮដល់ផ្ទៃមេឃ។
10. ឥឡូវនេះ អ្នករាល់គ្នាមានបំណងយកប្រជាជនប្រុសស្រីនៃស្រុកយូដា និងក្រុងយេរូសាឡឹម ធ្វើជាទាសករទៀត! ចំណែកឯអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាពុំបានធ្វើខុសចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាទេឬ?
11. ដូច្នេះ សូមស្ដាប់ខ្ញុំ សូមដោះលែងបងប្អូនរបស់អ្នករាល់គ្នាដែលអ្នករាល់គ្នាបានចាប់មកជាឈ្លើយនៅពេលនេះចុះ ដ្បិតព្រះអម្ចាស់កំពុងតែព្រះពិរោធទាស់នឹងអ្នករាល់គ្នាហើយ»។
12. ពេលនោះ មានមេបញ្ជាការកងទ័ពអេប្រាអ៊ីមមួយចំនួន គឺលោកអសារាជាកូនរបស់លោកយ៉ូហាណាន លោកបេរេគាជាកូនរបស់លោកមស៊ីលេម៉ុត លោកយេហ៊ីសេគាជាកូនរបស់លោកសាលូម និងលោកអម៉ាសាជាកូនរបស់លោកហាដឡៃ បាននាំគ្នាជំទាស់នឹងកងទ័ពដែលវិលមកពីច្បាំងវិញ។