7. ព្រះជាម្ចាស់ជួយស្ដេចនៅពេលធ្វើសង្គ្រាមទល់នឹងជនជាតិភីលីស្ទីន ជនជាតិអារ៉ាប់ដែលរស់នៅក្រុងគើរ-បាល និងជនជាតិម៉ាអូន។
8. ជនជាតិអាំម៉ូននាំយកសួយសារអាករមកថ្វាយព្រះបាទអូសៀស។ ព្រះកិត្តិនាមរបស់ស្ដេចល្បីរន្ទឺ រហូតដល់ទល់ដែនស្រុកអេស៊ីប ដ្បិតទ្រង់មានឫទ្ធិអំណាចយ៉ាងខ្លាំង។
9. ព្រះបាទអូសៀសបានសង់ប៉មដ៏រឹងមាំនៅក្រុងយេរូសាឡឹម ខាងលើខ្លោងទ្វារនៅជ្រុងកំពែងទ្វារជ្រលងភ្នំ និងនៅលើមុមកំពែង។
10. ស្ដេចបានសង់ប៉មចាំយាមនៅតាមវាលរហោស្ថាន និងជីកស្រះជាច្រើន ដ្បិតស្ដេចមានហ្វូងសត្វដ៏សន្ធឹកសន្ធាប់នៅតំបន់ខ្ពង់រាប និងតំបន់វាលទំនាប ហើយស្ដេចក៏មានកសិករដែលធ្វើស្រែ និងដាំទំពាំងបាយជូរថ្វាយ នៅតាមតំបន់ភ្នំ និងនៅភ្នំកើមែលដែរ ព្រោះស្ដេចសព្វព្រះហឫទ័យខាងវិស័យកសិកម្ម។
11. ព្រះបាទអូសៀសមានកងទ័ព ដែលត្រៀមខ្លួនជាស្រេចក្នុងការធ្វើសឹកសង្គ្រាម។ កងទ័ពនេះចែកជាកងពលផ្សេងៗ ដូចលោកយីអែល ជាស្មៀនហ្លួង និងលោកម៉ាសេយ៉ា ជាមន្ត្រីរដ្ឋបាល បានជំរឿន ហើយដឹកនាំដោយលោកហាណានា ជាមេទ័ពរបស់ស្ដេច។
12. ទាហានដ៏អង់អាចទាំងនោះស្ថិតនៅក្រោមបញ្ជាមេក្រុមគ្រួសារ ២៦០០រូប
13. និងមានចំនួនទាំងអស់ ៣០៧ ៥០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ខ្លាំងពូកែ មានចិត្តអង់អាច ហើយត្រៀមខ្លួនជាស្រេច ដើម្បីប្រយុទ្ធទល់នឹងខ្មាំងសត្រូវរបស់ព្រះរាជា។
14. ព្រះបាទអូសៀសបានប្រគល់ខែល លំពែង មួកដែក អាវក្រោះ ធ្នូ ព្រមទាំងដង្ហក់សម្រាប់បាញ់គ្រួស ឲ្យទាហានគ្រប់ៗរូប។
15. នៅក្រុងយេរូសាឡឹម ស្ដេចឲ្យជាងដ៏ជំនាញផលិតគ្រឿងសស្ត្រាវុធ ដាក់នៅតាមប៉ម និងតាមមុមកំពែងក្រុង ដើម្បីបាញ់ព្រួញ និងចោលដុំថ្ម។ កិត្តិនាមរបស់ស្ដេចបានល្បីខ្ចរខ្ចាយរហូតដល់ស្រុកឆ្ងាយៗ ដ្បិតព្រះជាម្ចាស់បានជួយស្ដេចយ៉ាងច្រើនបំផុត ធ្វើឲ្យស្ដេចពង្រឹងអំណាចកាន់តែខ្លាំងឡើងៗ។
16. ប៉ុន្តែ ពេលបានអំណាចរឹងប៉ឹងហើយ ស្ដេចក៏មានអំនួត រហូតដល់បណ្ដាលឲ្យស្ដេចត្រូវវិនាស។ ស្ដេចក្បត់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន គឺស្ដេចបានចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ហើយដុតគ្រឿងក្រអូបនៅលើអាសនៈថ្វាយគ្រឿងក្រអូប។