3. ព្រះបាទអូសៀសឡើងសោយរាជ្យលើស្រុកយូដា ក្នុងជន្មាយុដប់ប្រាំមួយព្រះវស្សា ទ្រង់សោយរាជ្យបានហាសិបពីរឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេកូលា ជាអ្នកក្រុងយេរូសាឡឹម។
4. ស្ដេចបានប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ដែលជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទអម៉ាស៊ីយ៉ា ជាបិតាដែរ។
5. ព្រះបាទអូសៀសយកព្រះហឫទ័យទុកដាក់ស្វែងរកព្រះជាម្ចាស់ ក្នុងពេលដែលលោកសាការីនៅរស់នៅឡើយ ព្រោះលោកណែនាំស្ដេចឲ្យគោរពកោតខ្លាចព្រះជាម្ចាស់។ ដរាបណាស្ដេចស្វែងរកព្រះជាម្ចាស់ ព្រះអង្គប្រទានឲ្យស្ដេចបានចម្រុងចម្រើនជានិច្ច។
6. ស្ដេចលើកទ័ពទៅវាយជនជាតិភីលីស្ទីន ហើយទម្លុះកំពែងក្រុងកាថ ក្រុងយ៉ាប់ណេ និងក្រុងអាសដូឌ។ ស្ដេចបានសង់ក្រុងនៅតំបន់ក្រុងអាសដូឌ និងក្នុងទឹកដីភីលីស្ទីន។
7. ព្រះជាម្ចាស់ជួយស្ដេចនៅពេលធ្វើសង្គ្រាមទល់នឹងជនជាតិភីលីស្ទីន ជនជាតិអារ៉ាប់ដែលរស់នៅក្រុងគើរ-បាល និងជនជាតិម៉ាអូន។
8. ជនជាតិអាំម៉ូននាំយកសួយសារអាករមកថ្វាយព្រះបាទអូសៀស។ ព្រះកិត្តិនាមរបស់ស្ដេចល្បីរន្ទឺ រហូតដល់ទល់ដែនស្រុកអេស៊ីប ដ្បិតទ្រង់មានឫទ្ធិអំណាចយ៉ាងខ្លាំង។
9. ព្រះបាទអូសៀសបានសង់ប៉មដ៏រឹងមាំនៅក្រុងយេរូសាឡឹម ខាងលើខ្លោងទ្វារនៅជ្រុងកំពែងទ្វារជ្រលងភ្នំ និងនៅលើមុមកំពែង។
10. ស្ដេចបានសង់ប៉មចាំយាមនៅតាមវាលរហោស្ថាន និងជីកស្រះជាច្រើន ដ្បិតស្ដេចមានហ្វូងសត្វដ៏សន្ធឹកសន្ធាប់នៅតំបន់ខ្ពង់រាប និងតំបន់វាលទំនាប ហើយស្ដេចក៏មានកសិករដែលធ្វើស្រែ និងដាំទំពាំងបាយជូរថ្វាយ នៅតាមតំបន់ភ្នំ និងនៅភ្នំកើមែលដែរ ព្រោះស្ដេចសព្វព្រះហឫទ័យខាងវិស័យកសិកម្ម។