3. ក្រោយពីឡើងគ្រងរាជ្យ និងពង្រឹងអំណាចហើយ ស្ដេចប្រហារជីវិតពួកមេទ័ពដែលបានធ្វើគុតបិតារបស់ស្ដេច។
4. ប៉ុន្តែ ស្ដេចពុំបានឲ្យគេប្រហារជីវិតកូនចៅរបស់ពួកឃាតកទេ ដ្បិតស្ដេចគោរពតាមសេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ គឺព្រះអម្ចាស់បានបង្គាប់ថា៖ «ឪពុកមិនត្រូវស្លាប់ ព្រោះតែទោសរបស់កូន ហើយកូនក៏មិនត្រូវស្លាប់ ព្រោះតែទោសរបស់ឪពុកដែរ គឺត្រូវប្រហារជីវិតមនុស្សម្នាក់ៗ តាមអំពើបាបដែលខ្លួនប្រព្រឹត្ត»។
5. ព្រះបាទអម៉ាស៊ីយ៉ាប្រមូលទាហាននៅស្រុកយូដា គឺប្រជាជនក្នុងកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន ហើយចែកពួកគេជាកង តាមអំបូររបស់ខ្លួន ក្រោមការដឹកនាំរបស់មេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច។ បន្ទាប់មក ស្ដេចជំរឿនប្រុសៗដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ឃើញមានទាំងអស់ ៣០០ ០០០នាក់ ជាទាហានដ៏ចំណាន ដែលប្រើលំពែង ប្រើខែលចេញទៅធ្វើសឹកបាន។
6. ស្ដេចក៏បានយកប្រាក់សុទ្ធមួយរយណែនទៅជួលទាហានដ៏ពូកែអង់អាចចំនួន ១០០ ០០០ នាក់ ពីស្រុកអ៊ីស្រាអែល។
7. មានអ្នកជំនិតរបស់ព្រះជាម្ចាស់មួយរូប មកទូលស្ដេចថា៖ «បពិត្រព្រះរាជា សូមកុំឲ្យទាហានអ៊ីស្រាអែលចេញទៅជាមួយព្រះករុណាឡើយ ដ្បិតព្រះអម្ចាស់មិនគង់ជាមួយអ៊ីស្រាអែល គឺព្រះអង្គមិនគង់ជាមួយកូនចៅអេប្រាអ៊ីមទាំងនេះទេ។
8. ប្រសិនបើព្រះករុណាឲ្យពួកគេទៅជាមួយ ទោះបីព្រះករុណាខំប្រឹងប្រយុទ្ធយ៉ាងណាក្ដី ក៏ព្រះជាម្ចាស់ធ្វើឲ្យព្រះករុណាបរាជ័យ នៅចំពោះមុខខ្មាំងសត្រូវដែរ ដ្បិតមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលប្រទានជ័យជំនះ ឬធ្វើឲ្យបរាជ័យ»។
9. ព្រះបាទអម៉ាស៊ីយ៉ាមានរាជឱង្ការទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «តើត្រូវធ្វើដូចម្ដេច ចំពោះប្រាក់ដែលយើងបានឲ្យទៅទាហានអ៊ីស្រាអែលទាំងនោះ!»។ អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលស្ដេចថា៖ «ព្រះអម្ចាស់អាចប្រទានប្រាក់មកព្រះករុណាវិញច្រើនជាងនេះទៅទៀត»។
10. ពេលនោះ ព្រះបាទអម៉ាស៊ីយ៉ាបំបែកទាហានអេប្រាអ៊ីមចេញពីជួរទ័ព ឲ្យគេវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ ទាហានទាំងនោះខឹងជនជាតិយូដាយ៉ាងខ្លាំង គេវិលត្រឡប់ទៅផ្ទះវិញ ទាំងក្ដៅក្រហាយ។
11. ព្រះបាទអម៉ាស៊ីយ៉ាតាំងចិត្តក្លាហាន នាំមុខកងទ័ព ឆ្ពោះទៅជ្រលងភ្នំអំបិល ហើយប្រហារទាហានអេដុម អស់មួយម៉ឺននាក់។
12. ទាហានយូដាចាប់បានខ្មាំងមួយម៉ឺននាក់ទៀត ហើយនាំឡើងទៅលើចំណោតថ្មមួយ រួចច្រានទម្លាក់ចុះមក ធ្វើឲ្យពួកគេស្លាប់ទាំងអស់គ្នា។