18. ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ចាត់មនុស្សឲ្យមកទូលព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដាវិញថា៖ «គ្រាមួយនោះគុម្ពបន្លាដែលដុះនៅភ្នំលីបង់ចាត់គេឲ្យទៅប្រាប់ដើមតាត្រៅនៅភ្នំលីបង់ថា “ចូរលើកកូនស្រីរបស់អ្នកឲ្យមកធ្វើជាប្រពន្ធរបស់កូនប្រុសយើង”។ ប៉ុន្តែ មានសត្វព្រៃដើរកាត់តាមនោះ ហើយជាន់គុម្ពបន្លាខ្ទេចខ្ទីអស់។
19. ព្រះករុណាអួតខ្លួនថាវាយឈ្នះជនជាតិអេដុម ដូច្នេះ ព្រះរាជាកំពុងតែមានមោទនភាព ហើយលើកតម្កើងខ្លួនឯង។ ឥឡូវនេះ សូមគង់ក្នុងព្រះដំណាក់ទៅ! ហេតុអ្វីបានជាព្រះករុណាចង់ធ្វើសង្គ្រាម ដែលបង្កឲ្យវេទនាដូច្នេះ? ព្រះករុណា និងប្រជាជនយូដា មុខជាបរាជ័យមិនខាន!»។
20. ប៉ុន្តែ ព្រះបាទអម៉ាស៊ីយ៉ាពុំព្រមស្ដាប់ តាមសេចក្ដីព្រមាននេះទេ ដ្បិតព្រះជាម្ចាស់បណ្ដាលឲ្យកើតមានដូច្នេះ ដើម្បីឲ្យស្ដេច និងកងទ័ព ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្ត ព្រោះស្ដេចបានបែកចិត្តទៅរកព្រះនានារបស់ជនជាតិអេដុម។
21. ពេលនោះ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ឡើងមកប្រយុទ្ធតទល់នឹងព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដា នៅក្រុងបេតសេមែស ក្នុងស្រុកយូដា។
22. កងទ័ពយូដាវាយចាញ់កងទ័ពអ៊ីស្រាអែល ហើយពលទាហានយូដាបាក់ទ័ពរត់មកកាន់ទីលំនៅរៀងៗខ្លួនវិញ។
23. ព្រះបាទយ៉ូអាសជាស្ដេចស្រុកអ៊ីស្រាអែល ចាប់បានព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស និងជាចៅរបស់ព្រះបាទយ៉ូអាហាស នៅបេតសេមែស ធ្វើជាឈ្លើយ។ បន្ទាប់មក ព្រះបាទយ៉ូអាសនាំព្រះបាទអម៉ាស៊ីយ៉ាទៅក្រុងយេរូសាឡឹម ហើយវាយបំបែកកំពែងក្រុង ចាប់តាំងពីទ្វារអេប្រាអ៊ីមរហូតដល់ទ្វារនៅជ្រុងកំពែង ដែលមានប្រវែងបួនរយហត្ថ។
24. ស្ដេចប្រមូលយកមាសប្រាក់ និងវត្ថុមានតម្លៃទាំងប៉ុន្មាននៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ដែលមានលោកអូបេដអេដុម ជាអ្នកមើលខុសត្រូវ ព្រមទាំងវត្ថុនៅក្នុងឃ្លាំងរាជ្យទ្រព្យ ហើយនាំចំណាប់ខ្មាំងវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។
25. ក្រោយពីព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស ស្ដេចអ៊ីស្រាអែល សោយទិវង្គត ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស ស្ដេចស្រុកយូដា មានព្រះជន្មគង់នៅបានដប់ប្រាំវស្សាទៀត។
26. រាជកិច្ចផ្សេងៗរបស់ព្រះបាទអម៉ាស៊ីយ៉ា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្ដេចស្រុកយូដា និងស្ដេចស្រុកអ៊ីស្រាអែល។
27. ក្រោយពេលដែលព្រះបាទអម៉ាស៊ីយ៉ាបែកចិត្តចេញពីព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់នឹងស្ដេច ដូច្នេះ ស្ដេចក៏ភៀសខ្លួនទៅក្រុងឡាគីស តែគេបានដេញតាមព្រះរាជារហូតដល់ក្រុងឡាគីសទៀត ហើយធ្វើគុតស្ដេចនៅទីនោះ។
28. គេដឹកសពរបស់ព្រះបាទអម៉ាស៊ីយ៉ាដាក់លើខ្នងសេះ នាំមកបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្រុកយូដា។