17. ក្រោយពីបានសួរយោបល់ទីប្រឹក្សាឯទៀតៗរួចហើយ ព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដា ចាត់គេឲ្យទៅទូលព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស និងជាចៅរបស់ព្រះបាទយេហ៊ូវថា៖ «ចូរចេញមក យើងប្រយុទ្ធតទល់គ្នា!»។
18. ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ចាត់មនុស្សឲ្យមកទូលព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដាវិញថា៖ «គ្រាមួយនោះគុម្ពបន្លាដែលដុះនៅភ្នំលីបង់ចាត់គេឲ្យទៅប្រាប់ដើមតាត្រៅនៅភ្នំលីបង់ថា “ចូរលើកកូនស្រីរបស់អ្នកឲ្យមកធ្វើជាប្រពន្ធរបស់កូនប្រុសយើង”។ ប៉ុន្តែ មានសត្វព្រៃដើរកាត់តាមនោះ ហើយជាន់គុម្ពបន្លាខ្ទេចខ្ទីអស់។
19. ព្រះករុណាអួតខ្លួនថាវាយឈ្នះជនជាតិអេដុម ដូច្នេះ ព្រះរាជាកំពុងតែមានមោទនភាព ហើយលើកតម្កើងខ្លួនឯង។ ឥឡូវនេះ សូមគង់ក្នុងព្រះដំណាក់ទៅ! ហេតុអ្វីបានជាព្រះករុណាចង់ធ្វើសង្គ្រាម ដែលបង្កឲ្យវេទនាដូច្នេះ? ព្រះករុណា និងប្រជាជនយូដា មុខជាបរាជ័យមិនខាន!»។
20. ប៉ុន្តែ ព្រះបាទអម៉ាស៊ីយ៉ាពុំព្រមស្ដាប់ តាមសេចក្ដីព្រមាននេះទេ ដ្បិតព្រះជាម្ចាស់បណ្ដាលឲ្យកើតមានដូច្នេះ ដើម្បីឲ្យស្ដេច និងកងទ័ព ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្ត ព្រោះស្ដេចបានបែកចិត្តទៅរកព្រះនានារបស់ជនជាតិអេដុម។
21. ពេលនោះ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ឡើងមកប្រយុទ្ធតទល់នឹងព្រះបាទអម៉ាស៊ីយ៉ា ជាស្ដេចស្រុកយូដា នៅក្រុងបេតសេមែស ក្នុងស្រុកយូដា។