1. ព្រះបាទអម៉ាស៊ីយ៉ាឡើងសោយរាជ្យ នៅពេលមានជន្មាយុម្ភៃប្រាំព្រះវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យ៉ូអាដាន ជាអ្នកក្រុងយេរូសាឡឹម។
2. ស្ដេចបានប្រព្រឹត្តអំពើសុចរិតជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ តែមិនមែនដោយស្មោះអស់ពីចិត្តទេ។
3. ក្រោយពីឡើងគ្រងរាជ្យ និងពង្រឹងអំណាចហើយ ស្ដេចប្រហារជីវិតពួកមេទ័ពដែលបានធ្វើគុតបិតារបស់ស្ដេច។
4. ប៉ុន្តែ ស្ដេចពុំបានឲ្យគេប្រហារជីវិតកូនចៅរបស់ពួកឃាតកទេ ដ្បិតស្ដេចគោរពតាមសេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ គឺព្រះអម្ចាស់បានបង្គាប់ថា៖ «ឪពុកមិនត្រូវស្លាប់ ព្រោះតែទោសរបស់កូន ហើយកូនក៏មិនត្រូវស្លាប់ ព្រោះតែទោសរបស់ឪពុកដែរ គឺត្រូវប្រហារជីវិតមនុស្សម្នាក់ៗ តាមអំពើបាបដែលខ្លួនប្រព្រឹត្ត»។
5. ព្រះបាទអម៉ាស៊ីយ៉ាប្រមូលទាហាននៅស្រុកយូដា គឺប្រជាជនក្នុងកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន ហើយចែកពួកគេជាកង តាមអំបូររបស់ខ្លួន ក្រោមការដឹកនាំរបស់មេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច។ បន្ទាប់មក ស្ដេចជំរឿនប្រុសៗដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ឃើញមានទាំងអស់ ៣០០ ០០០នាក់ ជាទាហានដ៏ចំណាន ដែលប្រើលំពែង ប្រើខែលចេញទៅធ្វើសឹកបាន។