23. មួយឆ្នាំកន្លងមកទៀត កងទ័ពស៊ីរីបានឡើងមកវាយព្រះបាទយ៉ូអាស។ ពួកគេមកដល់ស្រុកយូដា និងក្រុងយេរូសាឡឹម។ ពួកគេកាប់សម្លាប់មេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជន ហើយបញ្ជូនជយភ័ណ្ឌទាំងអស់ទៅថ្វាយស្ដេចនៅក្រុងដាម៉ាស។
24. កងទ័ពស៊ីរីមានចំនួនតែបន្តិចប៉ុណ្ណោះ តែព្រះអម្ចាស់បានប្រគល់កងទ័ពយូដាដែលមានគ្នាច្រើន ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ ព្រោះជនជាតិយូដាបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន។ ដូច្នេះ ព្រះជាម្ចាស់បានប្រើជនជាតិស៊ីរី សម្រាប់ដាក់ទោសព្រះបាទយ៉ូអាស។
25. បន្ទាប់មក កងទ័ពស៊ីរីចាកចេញទៅ ទុកឲ្យព្រះបាទយ៉ូអាសប្រឈួនជាទម្ងន់។ ពួករាជបម្រើឃុបឃិតគ្នាប្រឆាំងនឹងស្ដេច ដើម្បីសងសឹកចំពោះឃាតកម្មទៅលើកូនរបស់លោកបូជាចារ្យយេហូយ៉ាដា។ គេធ្វើគុតស្ដេចនៅក្នុងក្រឡាបន្ទំ រួចយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌ តែគេមិនបញ្ចុះនៅក្នុងផ្នូរ ជាមួយស្ដេចឯទៀតៗទេ។
26. អ្នកដែលបានឃុបឃិតគ្នាធ្វើគុតស្ដេច គឺលោកសាបាដ ជាកូនរបស់ស្ត្រីសាសន៍អាំម៉ូន ឈ្មោះស៊ីម៉ាត និងលោកយ៉ូសាបាដ ជាកូនរបស់ស្ត្រីសាសន៍ម៉ូអាប់ ឈ្មោះស៊ីមរីត។
27. រីឯចំនួនបុត្ររបស់ស្ដេច និងសេចក្ដីជាច្រើនដែលព្យាការីថ្លែងប្រឆាំងនឹងស្ដេច ព្រមទាំងកំណត់ហេតុស្ដីអំពីការជួសជុលព្រះដំណាក់របស់ព្រះជាម្ចាស់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅអធិប្បាយរបស់ព្រះមហាក្សត្រ។ ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។