10. មេដឹកនាំទាំងអស់ និងប្រជាជនទាំងមូល នាំគ្នាយកប្រាក់មកថ្វាយ ដោយចិត្តសប្បាយ។ គេដាក់ប្រាក់នៅក្នុងហិបរហូតដល់ពេញ។
11. លុះដល់ពេលដែលត្រូវនាំហិប ទៅឲ្យក្រុមលេវីត្រួតពិនិត្យមើលក្នុងនាមព្រះរាជា គឺនៅពេលដែលគេឃើញមានប្រាក់ច្រើននៅក្នុងហិបហើយ លោកស្មៀនហ្លួង និងលោកអធិការអមមហាបូជាចារ្យ ក៏មកយកប្រាក់ចេញពីហិប នាំយកទៅ ដោយទុកហិបនៅកន្លែងដើមវិញ។ គេធ្វើបែបនេះ ជារៀងរាល់ថ្ងៃ ហើយទទួលបានប្រាក់យ៉ាងច្រើន។
12. ព្រះរាជា និងលោកយេហូយ៉ាដាប្រគល់ប្រាក់នោះទៅឲ្យពួកមេជាង ដែលទទួលបន្ទុកលើការងារជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកមេជាងបានជួលកម្មករមកជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញ គឺមានជាងដាប់ថ្ម និងជាងឈើ ព្រមទាំងជួលជាងដែក និងជាងលង្ហិនសម្រាប់ជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ដែរ។
13. មេជាងទាំងនោះនាំគ្នាបំពេញកិច្ចការ ដោយដឹកនាំការជួលជុលទាំងអស់ ធ្វើឲ្យព្រះដំណាក់របស់ព្រះជាម្ចាស់បានល្អ និងមាំ ដូចដើមឡើងវិញ។
14. ក្រោយជួសជុលព្រះដំណាក់ចប់សព្វគ្រប់ហើយ ពួកគេយកប្រាក់ដែលនៅសល់មកថ្វាយព្រះរាជា និងប្រគល់ជូនលោកយេហូយ៉ាដា។ គេក៏យកប្រាក់នោះទៅធ្វើប្រដាប់ប្រដាសម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺមានគ្រឿងបរិក្ខារសម្រាប់ពិធីផ្សេងៗ គ្រឿងបរិក្ខារសម្រាប់តង្វាយដុតទាំងមូល ពែង ព្រមទាំងរបស់ឯទៀតៗធ្វើពីមាស និងប្រាក់។ ក្នុងមួយជីវិតរបស់លោកយេហូយ៉ាដា គេតែងតែថ្វាយតង្វាយដុតទាំងមូលជាអចិន្ត្រៃយ៍ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
15. លោកយេហូយ៉ាដាមានវ័យកាន់តែចាស់ជរា និងមានអាយុវែង រួចលោកទទួលមរណភាពក្នុងជន្មាយុមួយរយសាមសិបឆ្នាំ។
16. គេបញ្ចុះសពលោកនៅបុរីព្រះបាទដាវីឌជាមួយស្ដេច ដ្បិតលោកបានប្រព្រឹត្តល្អចំពោះប្រជាជនអ៊ីស្រាអែល ចំពោះព្រះជាម្ចាស់ និងព្រះដំណាក់របស់ព្រះអង្គ។
17. ក្រោយពេលលោកយេហូយ៉ាដាទទួលមរណភាពផុតទៅ ពួកមេដឹកនាំរបស់ជនជាតិយូដានាំគ្នាមកក្រាបថ្វាយបង្គំព្រះរាជា ហើយព្រះរាជាទ្រង់ព្រះសណ្ដាប់ពួកគេ។
18. ពួកគេបោះបង់ចោលព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន ហើយគោរពបម្រើព្រះអាសេរ៉ា និងព្រះក្លែងក្លាយឯទៀតៗ។ កំហុសនេះបណ្ដាលឲ្យព្រះអម្ចាស់ ទ្រង់ព្រះពិរោធទាស់នឹងអ្នកស្រុកយូដា ព្រមទាំងអ្នកក្រុងយេរូសាឡឹម។
19. ព្រះអម្ចាស់បានចាត់ពួកព្យាការីទៅក្នុងចំណោមពួកគេ ដើម្បីណែនាំពួកគេ ឲ្យវិលមករកព្រះអង្គវិញ។ ព្យាការីប្រៀនប្រដៅពួកគេ តែពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយ។
20. ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោកសាការី ដែលត្រូវជាកូនរបស់លោកបូជាចារ្យយេហូយ៉ាដា។ លោកប្រឈមមុខទល់នឹងប្រជាជន ហើយប្រកាសថា៖ «ព្រះជាម្ចាស់មានព្រះបន្ទូលដូចតទៅ: ហេតុអ្វីបានជាអ្នករាល់គ្នាបំពានលើបទបញ្ជារបស់ព្រះអម្ចាស់? ដោយអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ព្រះអង្គក៏នឹងបោះបង់ចោលអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាធ្វើអ្វី ក៏មិនបានសម្រេចដែរ»។
21. ប្រជាជនឃុបឃិតគ្នាប្រឆាំងនឹងលោកសាការី ហើយគេយកដុំថ្មគប់សម្លាប់លោក នៅក្នុងទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់ តាមបញ្ជារបស់ស្ដេច។
22. ព្រះបាទយ៉ូអាសពុំនឹកឃើញសេចក្ដីសប្បុរសដែលលោកយេហូយ៉ាដា ជាឪពុករបស់លោកសាការី បានសម្តែងចំពោះស្ដេចទេ គឺស្ដេចប្រហារជីវិតកូនរបស់លោក។ នៅពេលស្លាប់ លោកសាការីពោលថា៖ «សូមព្រះអម្ចាស់ទតមើល ហើយរកយុត្តិធម៌ចុះ!»។
23. មួយឆ្នាំកន្លងមកទៀត កងទ័ពស៊ីរីបានឡើងមកវាយព្រះបាទយ៉ូអាស។ ពួកគេមកដល់ស្រុកយូដា និងក្រុងយេរូសាឡឹម។ ពួកគេកាប់សម្លាប់មេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជន ហើយបញ្ជូនជយភ័ណ្ឌទាំងអស់ទៅថ្វាយស្ដេចនៅក្រុងដាម៉ាស។
24. កងទ័ពស៊ីរីមានចំនួនតែបន្តិចប៉ុណ្ណោះ តែព្រះអម្ចាស់បានប្រគល់កងទ័ពយូដាដែលមានគ្នាច្រើន ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ ព្រោះជនជាតិយូដាបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន។ ដូច្នេះ ព្រះជាម្ចាស់បានប្រើជនជាតិស៊ីរី សម្រាប់ដាក់ទោសព្រះបាទយ៉ូអាស។