1. ព្រះបាទយ៉ូអាសឡើងសោយរាជ្យ ក្នុងជន្មាយុប្រាំពីរព្រះវស្សា ទ្រង់សោយរាជ្យបានសែសិបឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា ស៊ីបយ៉ា ជាអ្នកស្រុកបៀរសេបា។
2. ព្រះបាទយ៉ូអាសប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ អស់មួយជីវិតរបស់លោកបូជាចារ្យយេហូយ៉ាដា។
3. លោកយេហូយ៉ាដារកបានមហេសីពីរអង្គមកថ្វាយព្រះបាទយ៉ូអាស ហើយស្ដេចបង្កើតបានបុត្រាបុត្រីជាច្រើន។
4. ក្រោយមក ព្រះបាទយ៉ូអាសមានបំណងជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។
5. ស្ដេចកោះហៅក្រុមបូជាចារ្យ និងក្រុមលេវី ឲ្យមកជួបជុំគ្នា ហើយមានរាជឱង្ការថា៖ «សូមអស់លោកអញ្ជើញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយរៀងរាល់ឆ្នាំ ត្រូវប្រមូលប្រាក់ក្នុងស្រុកអ៊ីស្រាអែលទាំងមូល ដើម្បីជួសជុលព្រះដំណាក់នៃព្រះរបស់អស់លោក។ សូមសម្រេចការនេះឲ្យបានឆាប់ៗផង»។ ប៉ុន្តែ ក្រុមលេវីពុំបានធ្វើការនេះឲ្យបានរួសរាន់ទេ។
6. ព្រះរាជាក៏ត្រាស់ហៅលោកមហាបូជាចារ្យយេហូយ៉ាដាមក ហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាលោកមិនទាមទារឲ្យក្រុមលេវីប្រមូលប្រាក់ ដែលប្រជាជននៅស្រុកយូដា និងក្រុងយេរូសាឡឹម ត្រូវយកមកបង់ ដូចលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានបង្គាប់ឲ្យសហគមន៍អ៊ីស្រាអែលយកមកថ្វាយសម្រាប់ពន្លានៃសន្ធិសញ្ញា?
7. ម្ចាស់ក្សត្រីយ៍អថាលាដ៏អប្រិយ និងបរិវាររបស់គាត់ បានបំផ្លាញព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយយកវត្ថុសក្ការៈទាំងប៉ុន្មាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ទៅប្រើប្រាស់សម្រាប់ព្រះបាល»។
8. ពេលនោះ ព្រះរាជាឲ្យគេធ្វើហិបមួយ យកទៅដាក់នៅខាងមុខមាត់ទ្វារចូលព្រះដំណាក់របស់ព្រះអម្ចាស់។
9. គេចេញប្រកាសនៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម ឲ្យប្រជាជនយកពន្ធដារមកថ្វាយព្រះអម្ចាស់ ដូចលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានបង្គាប់ដល់ជនជាតិអ៊ីស្រាអែលនៅវាលរហោស្ថាន។
10. មេដឹកនាំទាំងអស់ និងប្រជាជនទាំងមូល នាំគ្នាយកប្រាក់មកថ្វាយ ដោយចិត្តសប្បាយ។ គេដាក់ប្រាក់នៅក្នុងហិបរហូតដល់ពេញ។
11. លុះដល់ពេលដែលត្រូវនាំហិប ទៅឲ្យក្រុមលេវីត្រួតពិនិត្យមើលក្នុងនាមព្រះរាជា គឺនៅពេលដែលគេឃើញមានប្រាក់ច្រើននៅក្នុងហិបហើយ លោកស្មៀនហ្លួង និងលោកអធិការអមមហាបូជាចារ្យ ក៏មកយកប្រាក់ចេញពីហិប នាំយកទៅ ដោយទុកហិបនៅកន្លែងដើមវិញ។ គេធ្វើបែបនេះ ជារៀងរាល់ថ្ងៃ ហើយទទួលបានប្រាក់យ៉ាងច្រើន។
12. ព្រះរាជា និងលោកយេហូយ៉ាដាប្រគល់ប្រាក់នោះទៅឲ្យពួកមេជាង ដែលទទួលបន្ទុកលើការងារជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកមេជាងបានជួលកម្មករមកជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញ គឺមានជាងដាប់ថ្ម និងជាងឈើ ព្រមទាំងជួលជាងដែក និងជាងលង្ហិនសម្រាប់ជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ដែរ។
13. មេជាងទាំងនោះនាំគ្នាបំពេញកិច្ចការ ដោយដឹកនាំការជួលជុលទាំងអស់ ធ្វើឲ្យព្រះដំណាក់របស់ព្រះជាម្ចាស់បានល្អ និងមាំ ដូចដើមឡើងវិញ។
14. ក្រោយជួសជុលព្រះដំណាក់ចប់សព្វគ្រប់ហើយ ពួកគេយកប្រាក់ដែលនៅសល់មកថ្វាយព្រះរាជា និងប្រគល់ជូនលោកយេហូយ៉ាដា។ គេក៏យកប្រាក់នោះទៅធ្វើប្រដាប់ប្រដាសម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺមានគ្រឿងបរិក្ខារសម្រាប់ពិធីផ្សេងៗ គ្រឿងបរិក្ខារសម្រាប់តង្វាយដុតទាំងមូល ពែង ព្រមទាំងរបស់ឯទៀតៗធ្វើពីមាស និងប្រាក់។ ក្នុងមួយជីវិតរបស់លោកយេហូយ៉ាដា គេតែងតែថ្វាយតង្វាយដុតទាំងមូលជាអចិន្ត្រៃយ៍ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
15. លោកយេហូយ៉ាដាមានវ័យកាន់តែចាស់ជរា និងមានអាយុវែង រួចលោកទទួលមរណភាពក្នុងជន្មាយុមួយរយសាមសិបឆ្នាំ។
16. គេបញ្ចុះសពលោកនៅបុរីព្រះបាទដាវីឌជាមួយស្ដេច ដ្បិតលោកបានប្រព្រឹត្តល្អចំពោះប្រជាជនអ៊ីស្រាអែល ចំពោះព្រះជាម្ចាស់ និងព្រះដំណាក់របស់ព្រះអង្គ។