11. គេយាងបុត្ររបស់ស្ដេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងថ្វាយឯកសារនៃសម្ពន្ធមេត្រីផង លោកយេហូយ៉ាដា និងកូនៗរបស់លោក ចាក់ប្រេងអភិសេករាជកុមារ តែងតាំងជាស្ដេច ទាំងស្រែកថា៖ «ជយោ ព្រះមហាក្សត្រ!»។
12. កាលព្រះនាងអថាលាឮសម្រែកប្រជាជនដែលរត់ទៅមក ស្រែកអបអរសាទរព្រះមហាក្សត្រ ព្រះនាងយាងទៅមើលពួកគេ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
13. ព្រះនាងទតឃើញព្រះមហាក្សត្រថ្មីឈរនៅលើវេទិកា ត្រង់មាត់ទ្វារ ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ គេផ្លុំត្រែ ហើយអ្នកចម្រៀងនាំប្រជាជនច្រៀងសរសើរតម្កើង ទាំងប្រគំតូរ្យតន្ត្រីផង។ ព្រះនាងអថាលាហែកព្រះភូសា ស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។
14. លោកបូជាចារ្យយេហូយ៉ាដាបញ្ជាទៅពួកមេបញ្ជាការដែលគ្រប់គ្រងលើពលទ័ពថា៖ «ចូរនាំព្រះនាងចេញទៅក្រៅ! បើនរណាគាំទ្រព្រះនាង ចូរសម្លាប់ដោយមុខដាវទៅ!»។ លោកបូជាចារ្យមានប្រសាសន៍ទៀតថា៖ «មិនត្រូវប្រហារជីវិតព្រះនាងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ទេ!»។
15. គេចាប់ព្រះនាងនាំទៅវាំងវិញ។ កាលមកដល់មាត់ខ្លោងទ្វារសេះ គេក៏ប្រហារជីវិតព្រះនាងនៅទីនោះ។
16. លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងខ្លួនផ្ទាល់ ប្រជាជនទាំងមូល និងព្រះមហាក្សត្រ ដើម្បីធ្វើជាប្រជារាស្ត្ររបស់ព្រះអម្ចាស់។
17. ប្រជាជនទាំងមូលនាំគ្នាចូលទៅបំផ្លាញវិហាររបស់ព្រះបាល ហើយវាយកម្ទេចអាសនៈ និងរូបសំណាក ព្រមទាំងសម្លាប់លោកម៉ាត់ថាន ជាបូជាចារ្យរបស់ព្រះបាល នៅមុខអាសនៈទៀតផង។
18. លោកយេហូយ៉ាដាចាត់ចែងឲ្យក្រុមបូជាចារ្យលេវី ទទួលខុសត្រូវលើព្រះដំណាក់របស់ព្រះអម្ចាស់ គឺអ្នកដែលព្រះបាទដាវីឌបានចែកជាក្រុមឲ្យបំពេញមុខងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីថ្វាយតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់ ដូចមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ។ ព្រះបាទដាវីឌក៏បានបង្គាប់ឲ្យគេច្រៀងចម្រៀងយ៉ាងសប្បាយ ក្នុងឱកាសនោះដែរ។
19. លោកយេហូយ៉ាដាបានដាក់អ្នកយាមទ្វារ នៅតាមខ្លោងទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីកុំឲ្យអ្នកដែលមិនបរិសុទ្ធដោយប្រការណាមួយក្ដី អាចចូលបានឡើយ។
20. បន្ទាប់មក លោកនាំពួកមេបញ្ជាការ ពួកអភិជន ពួកអ្នកមុខអ្នកការក្នុងចំណោមប្រជាជន និងប្រជាជនទាំងមូលនៅក្នុងស្រុក មកដង្ហែព្រះមហាក្សត្រពីព្រះដំណាក់របស់ព្រះអម្ចាស់ ចូលវាំង តាមខ្លោងទ្វារប៉ែកខាងលើ រួចយាងព្រះរាជាឡើងគង់លើបល្ល័ង្ករាជ្យ។
21. ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយទីក្រុងក៏បានសុខសាន្ត។ គេបានប្រហារជីវិតព្រះនាងអថាលា ដោយមុខដាវ។