8. ក្នុងរជ្ជកាលព្រះបាទយ៉ូរ៉ាម ជនជាតិអេដុមបានបះបោរប្រឆាំងនឹងការត្រួតត្រារបស់ជនជាតិយូដា ហើយនាំគ្នាតែងតាំងស្ដេចមួយអង្គ ឲ្យឡើងគ្រងរាជ្យលើពួកគេ។
9. ពេលនោះ ព្រះបាទយ៉ូរ៉ាមយាងចេញទៅ ដោយមានពួកមេទ័ព និងរទេះចំបាំងទាំងអស់ទៅជាមួយផង។ កងទ័ពអេដុមបានឡោមព័ទ្ធស្ដេច និងពួកមេបញ្ជាការកងរទេះចំបាំង។ ស្ដេចក៏តើនឡើងនៅពេលយប់ ហើយវាយបើកផ្លូវ។
10. តាំងពីពេលនោះមក ជនជាតិអេដុមបានរំដោះខ្លួនពីការត្រួតត្រារបស់ជនជាតិយូដា រហូតមកដល់សព្វថ្ងៃ។ នៅគ្រានោះ ក្រុងលីបណាក៏បះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះបាទយ៉ូរ៉ាមដែរ ព្រោះស្ដេចបានបោះបង់ចោលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន។
11. ព្រះបាទយ៉ូរ៉ាមបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ លើភ្នំទាំងឡាយក្នុងស្រុកយូដា។ ស្ដេចជំរុញអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុក ឲ្យគោរពព្រះដទៃ។
12. ស្ដេចបានទទួលលិខិតមួយច្បាប់ពីព្យាការីអេលីយ៉ា ដែលមានសេចក្ដីដូចតទៅ “ព្រះអម្ចាស់ ជាព្រះរបស់ព្រះបាទដាវីឌ ជាអយ្យកោរបស់ព្រះករុណាមានព្រះបន្ទូលថា ព្រះករុណាពុំបានដើរតាមមាគ៌ារបស់ព្រះបាទយ៉ូសាផាត ជាបិតារបស់ព្រះករុណាទេ ហើយព្រះករុណាក៏មិនដើរតាមមាគ៌ារបស់ព្រះបាទអេសា ជាស្ដេចស្រុកយូដាដែរ។
13. ផ្ទុយទៅវិញ ព្រះករុណាដើរតាមផ្លូវរបស់ស្ដេចទាំងឡាយនៃស្រុកអ៊ីស្រាអែល ព្រះករុណាទាក់ទាញអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យគោរពព្រះដទៃ ដូចរាជវង្សរបស់ស្ដេចអហាប់បានប្រព្រឹត្ត ហើយព្រះករុណាបានសម្លាប់ប្អូនបង្កើតរបស់ព្រះករុណា ដែលសុទ្ធតែជាមនុស្សប្រសើរជាងព្រះករុណាដែរ។
14. ហេតុនេះព្រះអម្ចាស់នឹងប្រហារប្រជារាស្ត្រ ព្រមទាំងបុត្រា មហេសី និងទ្រព្យសម្បត្តិរបស់ព្រះករុណា ដោយគ្រោះកាចដ៏សាហាវ។
15. រីឯព្រះករុណាវិញ ព្រះជាម្ចាស់នឹងធ្វើឲ្យព្រះករុណាមានជំងឺជាទម្ងន់ គឺព្រះករុណានឹងមានរោគពោះវៀន ដែលបណ្ដាលឲ្យព្រះករុណាឈឺចាប់កាន់តែខ្លាំងឡើងៗ ជារៀងរាល់ថ្ងៃ រហូតដល់ពោះវៀនធ្លាយចេញមក”។
16. ព្រះអម្ចាស់បានជំរុញជនជាតិភីលីស្ទីន និងជនជាតិអារ៉ាប់ ដែលរស់នៅក្បែរជនជាតិអេត្យូពី ឲ្យមានគំនិតប្រឆាំងនឹងព្រះបាទយ៉ូរ៉ាម។
17. អ្នកទាំងនោះលើកគ្នាចូលមករាតត្បាតស្រុកយូដា និងរឹបអូសយកទ្រព្យសម្បត្តិទាំងប៉ុន្មានដែលមាននៅក្នុងវាំងស្ដេច ព្រមទាំងចាប់បុត្រ និងមហេសីរបស់ស្ដេច នាំយកទៅជាមួយផង គឺនៅសល់តែសម្ដេចអហាស៊ីយ៉ាមួយអង្គគត់ ដែលក្មេងជាងគេ។
18. បន្ទាប់មក ព្រះអម្ចាស់ប្រហារស្ដេចដោយជំងឺពោះវៀន ដែលពុំអាចព្យាបាលឲ្យជាបានឡើយ។
19. ជំងឺនោះកាន់តែធ្ងន់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃនោះ។ ប្រមាណជាពីរឆ្នាំក្រោយមក ពោះវៀនរបស់ស្ដេចយ៉ូរ៉ាមក៏ធ្លាយចេញពីរូបកាយ ហើយស្ដេចសោយទិវង្គត ដោយឈឺចាប់បំផុត។ ប្រជាជនពុំបានធ្វើពិធីថ្វាយព្រះភ្លើងចំពោះស្ដេច ដូចគេបានធ្វើចំពោះអយ្យកោរបស់ស្ដេចឡើយ។
20. ព្រះបាទយ៉ូរ៉ាមឡើងសោយរាជ្យ នៅពេលមានជន្មាយុសាមសិបពីរព្រះវស្សា។ ស្ដេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។ ពេលស្ដេចសោយទិវង្គត គ្មាននរណាសោកស្ដាយទេ។ គេបញ្ចុះសពនៅបុរីព្រះបាទដាវីឌ តែមិនតម្កល់នៅក្នុងផ្នូរដែលគេបម្រុងទុកសម្រាប់ព្រះមហាក្សត្រឡើយ។