២ របាក្សត្រ 21:1-6 Khmer Standard Version (KHSV)

1. កាល​ព្រះ‌បាទ​យ៉ូសា‌ផាត​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

2. ព្រះ‌បាទ​យ៉ូរ៉ាម​មាន​អនុជ​ដូច​ត​ទៅ គឺ​សម្ដេច​អសា‌រា យេហ៊ី‌អែល សាកា‌រី អសា‌រា មីកែល និង​សេផា‌ធា ហើយ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត ស្ដេច​អ៊ីស្រា‌អែល។

3. ព្រះ‌បាទ​យ៉ូសា‌ផាត ជា​បិតា បាន​ចែក​អំណោយ​ជា​មាស​ជា​ប្រាក់​យ៉ាង​ច្រើន​ឲ្យ​បុត្រ​ឯ​ទៀតៗ ព្រម​ទាំង​ប្រគល់​ក្រុង​នានា​ដែល​មាន​កំពែង​រឹង‌មាំ ក្នុង​ស្រុក​យូដា ឲ្យ​បុត្រ​ទាំង​នោះ​កាន់​កាប់​ទៀត​ផង តែ​ស្ដេច​ប្រគល់​រាជ​សម្បត្តិ​ឲ្យ​ព្រះ‌បាទ​យ៉ូរ៉ាម ព្រោះ​ជា​បុត្រ​ច្បង។

4. កាល​ព្រះ‌បាទ​យ៉ូរ៉ាម​ឡើង​ស្នង​រាជ្យ​បិតា និង​ពង្រឹង​អំណាច​បាន​ហើយ ស្ដេច​ធ្វើ​គុត​អនុជ​ទាំង​អស់​ដោយ​មុខ​ដាវ ព្រម​ទាំង​សម្លាប់​មេ​ដឹក​នាំ​មួយ​ចំនួន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ផង។

5. នៅ​ពេល​ឡើង​សោយ​រាជ្យ ព្រះ‌បាទ​យ៉ូរ៉ាម​មាន​ជន្មាយុ​សាម‌សិប​ពីរ​ព្រះ‌វស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។

6. ស្ដេច​ដើរ​តាម​មាគ៌ា​របស់​ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល និង​ប្រព្រឹត្ត​ដូច​រាជ‌វង្ស​របស់​ព្រះ‌បាទ​អហាប់​ដែរ ព្រោះ​ស្ដេច​បាន​រៀប​អភិ‌សេក​ជា​មួយ​បុត្រី​របស់​ព្រះ‌បាទ​អហាប់ ហើយ​ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

២ របាក្សត្រ 21