31. ព្រះបាទយ៉ូសាផាតឡើងគ្រងរាជ្យលើស្រុកយូដា ក្នុងពេលដែលទ្រង់មានជន្មាយុសាមសិបប្រាំព្រះវស្សា ហើយសោយរាជ្យបានម្ភៃប្រាំឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថាអស៊ូបា ជាកូនរបស់លោកស៊ីលហ៊ី។
32. ព្រះបាទយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះបាទអេសា ជាបិតា ដោយឥតងាករេឡើយ។ ស្ដេចប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
33. ប៉ុន្តែ ស្ដេចពុំបានលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗទេ គឺប្រជាជនពុំជំពាក់ចិត្តទាំងស្រុងលើព្រះនៃបុព្វបុរសខ្លួនឡើយ។
34. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូសាផាត តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់លោកយេហ៊ូវ ជាកូនរបស់លោកហាណានី ដែលគេបញ្ចូលទៅក្នុងក្រាំងរបស់ស្ដេចស្រុកអ៊ីស្រាអែល។
35. មួយវិញទៀត ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា បានរួមសហការជាមួយព្រះបាទអហាស៊ីយ៉ា ស្ដេចស្រុកអ៊ីស្រាអែល ជាស្ដេចប្រព្រឹត្តអំពើអាក្រក់។
36. ស្ដេចទាំងពីរអង្គឲ្យគេសង់សំពៅ សម្រាប់ដើរផ្លូវឆ្ងាយ គេសង់សំពៅទាំងនោះនៅក្រុងអេស៊ាន-គេប៊ើរ។