23. មុនដំបូង កងទ័ពអាំម៉ូនព្រួតគ្នាជាមួយកងទ័ពម៉ូអាប់ វាយកម្ទេច និងបំផ្លាញអ្នកស្រុកភ្នំសៀរឲ្យវិនាសសូន្យ រួចហើយពួកគេកាប់សម្លាប់គ្នាឯង។
24. ពេលជនជាតិយូដាទៅដល់កន្លែង ដែលសម្រាប់ពិនិត្យមើលវាលរហោស្ថាន ពួកគេក្រឡេកមើលទៅទីតាំងទ័ពរបស់ខ្មាំងសត្រូវ ឃើញមានសុទ្ធតែសាកសពនៅពាសពេញដី ឥតមាននរណាម្នាក់រួចជីវិតឡើយ។
25. ព្រះបាទយ៉ូសាផាត និងប្រជាជនរបស់ស្ដេច នាំគ្នារឹបអូសយកអ្វីៗទាំងប៉ុន្មានដែលមាននៅទីនោះ។ គេឃើញមានហ្វូងសត្វ សម្លៀកបំពាក់ ព្រមទាំងវត្ថុដ៏មានតម្លៃជាច្រើន ដែលនៅជាប់នឹងសាកសព។ ដោយជយភ័ណ្ឌទាំងនោះមានច្រើនពេក ទោះបីគេចំណាយពេលអស់បីថ្ងៃ ក៏នៅតែប្រមូលមិនអស់ដែរ។
26. នៅថ្ងៃទីបួន ពួកគេជួបជុំគ្នានៅជ្រលងភ្នំបេរ៉ាកា ហើយអរព្រះគុណព្រះអម្ចាស់។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ជ្រលងភ្នំបេរ៉ាកា រហូតដល់សព្វថ្ងៃ។