2. មានគេមកទូលព្រះបាទយ៉ូសាផាតថា៖ «កងទ័ពមួយយ៉ាងធំលើកគ្នាពីខាងនាយសមុទ្រ គឺពីស្រុកអេដុម មកវាយព្រះករុណា។ ឥឡូវនេះ ពួកគេមកដល់ហាសាសូន-តាម៉ារ គឺនៅអេនកេឌី»។
3. ព្រះបាទយ៉ូសាផាតភ័យខ្លាចជាខ្លាំង ទ្រង់ក៏សម្រេចចិត្តទូលសួរព្រះអម្ចាស់ ហើយប្រកាសឲ្យអ្នកស្រុកយូដាទាំងមូលតមអាហារ។
4. អ្នកស្រុកយូដាជួបជុំគ្នាស្វែងរកព្រះអម្ចាស់ ពួកគេធ្វើដំណើរមកពីគ្រប់ទីក្រុងនៃស្រុកយូដា ដើម្បីស្វែងរកព្រះអម្ចាស់។
5. ព្រះបាទយ៉ូសាផាតឈរនៅកណ្ដាលចំណោមអង្គប្រជុំរបស់ជនជាតិយូដា និងអ្នកក្រុងយេរូសាឡឹម ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ខាងមុខព្រលានថ្មី។
6. ស្ដេចមានរាជឱង្ការថា៖«បពិត្រព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ព្រះអង្គគង់នៅស្ថានបរមសុខ ព្រះអង្គគ្រប់គ្រងលើនគរទាំងអស់នៃប្រជាជាតិនានា។ ព្រះអង្គប្រកបដោយព្រះចេស្ដា និងឫទ្ធានុភាព គ្មាននរណាអាចតទល់នឹងព្រះអង្គបានឡើយ!
7. ឱព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានបណ្ដេញអ្នកស្រុកនេះចេញពីមុខអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ព្រមទាំងប្រទានស្រុកនេះឲ្យពូជពង្សលោកអប្រាហាំ ជាមិត្តរបស់ព្រះអង្គ រហូតតទៅ។
8. ពួកគេរស់នៅក្នុងស្រុកនេះ ពួកគេបានសង់ទីសក្ការៈមួយថ្វាយព្រះនាមរបស់ព្រះអង្គ ដោយពោលថា
9. “ប្រសិនបើមានទុក្ខវេទនា សង្គ្រាម ទុក្ខទោស ជំងឺរាតត្បាត ឬទុរ្ភិក្ស កើតមានដល់យើងខ្ញុំ នោះយើងខ្ញុំនឹងមកឈរនៅមុខព្រះដំណាក់នេះ នៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដ្បិតព្រះនាមរបស់ព្រះអង្គស្ថិតនៅក្នុងព្រះដំណាក់នេះ។ ក្នុងពេលមានអាសន្ន យើងខ្ញុំនឹងទូលអង្វរសូមព្រះអង្គជួយ។ ពេលនោះ សូមទ្រង់ព្រះសណ្ដាប់យើងខ្ញុំ ហើយសង្គ្រោះយើងខ្ញុំផង”។
10. ឥឡូវនេះ ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ ព្រមទាំងអស់អ្នកដែលរស់នៅភ្នំសៀរ -គឺស្រុកដែលព្រះអង្គហាមអ៊ីស្រាអែលមិនឲ្យឆ្លងកាត់ នៅពេលចាកចេញពីស្រុកអេស៊ីប-
11. ប៉ុន្តែ ជនជាតិទាំងនោះបែរជាសងគុណយើងខ្ញុំ ដោយលើកគ្នាមកដេញយើងខ្ញុំចេញពីទឹកដី ដែលព្រះអង្គប្រទានមកឲ្យយើងខ្ញុំធ្វើជាកម្មសិទ្ធិ។
12. ឱព្រះនៃយើងខ្ញុំអើយ ម្ដេចក៏ព្រះអង្គមិនដាក់ទោសពួកគេ? យើងខ្ញុំគ្មានកម្លាំងតទល់នឹងកងទ័ពយ៉ាងធំ ដែលកំពុងតែលើកគ្នាមកវាយយើងខ្ញុំនេះទេ។ យើងខ្ញុំពុំដឹងជាត្រូវធ្វើយ៉ាងណា ក្រៅពីសម្លឹងទៅរកព្រះអង្គប៉ុណ្ណោះ»។
13. អ្នកស្រុកយូដាទាំងមូលឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដោយមានប្រពន្ធកូន និងទារក នៅជាមួយដែរ។
14. ពេលនោះ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ យាងមកក្នុងចំណោមអង្គប្រជុំ ដោយសណ្ឋិតលើលោកយ៉ាហាសៀល ក្នុងក្រុមលេវី គាត់ត្រូវជាកូនរបស់លោកសាការី ជាចៅរបស់លោកបេនណាយ៉ា ជាចៅទួតរបស់លោកយីអែល និងជាចៅលួតរបស់លោកម៉ាថានា ដែលជាពូជពង្សរបស់លោកអេសាភ។
15. លោកយ៉ាហាសៀលប្រកាសថា៖ «បពិត្រព្រះករុណាយ៉ូសាផាត ព្រមទាំងអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូសាឡឹម សូមត្រងត្រាប់ស្ដាប់! ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះករុណា និងបងប្អូនដូចតទៅ: ចូរកុំភ័យខ្លាច និងតក់ស្លុត នៅចំពោះមុខកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះឡើយ ដ្បិតការប្រយុទ្ធមិនមែនសម្រេចលើអ្នករាល់គ្នាទេ តែសម្រេចនៅលើព្រះជាម្ចាស់។
16. ស្អែក ចូរនាំគ្នាចុះទៅតទល់នឹងពួកគេ ព្រោះពួកគេនឹងឡើងមកតាមផ្លូវស៊ីស។ អ្នករាល់គ្នានឹងជួបពួកគេនៅខាងចុងជ្រោះ ដែលបែរទៅរកវាលរហោស្ថានយេរួល។
17. អ្នករាល់គ្នាមិនត្រូវការប្រយុទ្ធជាមួយពួកគេឡើយ គឺគ្រាន់តែឈរនៅទីនោះ ហើយអ្នករាល់គ្នានឹងឃើញព្រះអម្ចាស់ប្រទានជ័យជំនះដល់អ្នករាល់គ្នា។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ កុំភ័យខ្លាច និងតក់ស្លុតឲ្យសោះ ស្អែក ចូរចេញទៅតទល់នឹងពួកគេចុះ ព្រះអម្ចាស់នឹងគង់ជាមួយអ្នករាល់គ្នា!»។
18. ព្រះបាទយ៉ូសាផាតក្រាបចុះ អោនមុខដល់ដី ហើយអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូសាឡឹម ក៏នាំគ្នាអោនកាយ ក្រាបថ្វាយបង្គំព្រះអម្ចាស់ដែរ។
19. ក្រុមលេវីដែលមកពីអំបូរកេហាត់ និងពូជពង្សលោកកូរេ នាំគ្នាក្រោកឡើងសរសើរតម្កើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដោយបន្លឺសំឡេងយ៉ាងរំពង។
20. ប្រជាជនក្រោកឡើងតាំងពីព្រលឹម ចេញដំណើរឆ្ពោះទៅវាលរហោស្ថានត្កូអា។ មុនពេលចេញដំណើរ ព្រះបាទយ៉ូសាផាតក្រោកឈរឡើង ហើយមានរាជឱង្ការថា៖ «អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ ចូរស្ដាប់យើង! ចូរទុកចិត្តទាំងស្រុងលើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានកម្លាំង! ចូរទុកចិត្តលើព្យាការីរបស់ព្រះអង្គ នោះអ្នករាល់គ្នានឹងមានជោគជ័យ!»។