15. លោកយ៉ាហាសៀលប្រកាសថា៖ «បពិត្រព្រះករុណាយ៉ូសាផាត ព្រមទាំងអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូសាឡឹម សូមត្រងត្រាប់ស្ដាប់! ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះករុណា និងបងប្អូនដូចតទៅ: ចូរកុំភ័យខ្លាច និងតក់ស្លុត នៅចំពោះមុខកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះឡើយ ដ្បិតការប្រយុទ្ធមិនមែនសម្រេចលើអ្នករាល់គ្នាទេ តែសម្រេចនៅលើព្រះជាម្ចាស់។
16. ស្អែក ចូរនាំគ្នាចុះទៅតទល់នឹងពួកគេ ព្រោះពួកគេនឹងឡើងមកតាមផ្លូវស៊ីស។ អ្នករាល់គ្នានឹងជួបពួកគេនៅខាងចុងជ្រោះ ដែលបែរទៅរកវាលរហោស្ថានយេរួល។
17. អ្នករាល់គ្នាមិនត្រូវការប្រយុទ្ធជាមួយពួកគេឡើយ គឺគ្រាន់តែឈរនៅទីនោះ ហើយអ្នករាល់គ្នានឹងឃើញព្រះអម្ចាស់ប្រទានជ័យជំនះដល់អ្នករាល់គ្នា។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ កុំភ័យខ្លាច និងតក់ស្លុតឲ្យសោះ ស្អែក ចូរចេញទៅតទល់នឹងពួកគេចុះ ព្រះអម្ចាស់នឹងគង់ជាមួយអ្នករាល់គ្នា!»។
18. ព្រះបាទយ៉ូសាផាតក្រាបចុះ អោនមុខដល់ដី ហើយអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូសាឡឹម ក៏នាំគ្នាអោនកាយ ក្រាបថ្វាយបង្គំព្រះអម្ចាស់ដែរ។
19. ក្រុមលេវីដែលមកពីអំបូរកេហាត់ និងពូជពង្សលោកកូរេ នាំគ្នាក្រោកឡើងសរសើរតម្កើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដោយបន្លឺសំឡេងយ៉ាងរំពង។
20. ប្រជាជនក្រោកឡើងតាំងពីព្រលឹម ចេញដំណើរឆ្ពោះទៅវាលរហោស្ថានត្កូអា។ មុនពេលចេញដំណើរ ព្រះបាទយ៉ូសាផាតក្រោកឈរឡើង ហើយមានរាជឱង្ការថា៖ «អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ ចូរស្ដាប់យើង! ចូរទុកចិត្តទាំងស្រុងលើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានកម្លាំង! ចូរទុកចិត្តលើព្យាការីរបស់ព្រះអង្គ នោះអ្នករាល់គ្នានឹងមានជោគជ័យ!»។
21. បន្ទាប់មក ព្រះរាជាពិភាក្សាជាមួយប្រជាជន រួចតែងតាំងក្រុមចម្រៀង ដែលមានស្លៀកពាក់គ្រឿងសក្ការៈ ហើយដើរនៅមុខកងទ័ព ដោយច្រៀងតម្កើងព្រះអម្ចាស់ថា «ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!»។