២ របាក្សត្រ 2:5-15 Khmer Standard Version (KHSV)

5. ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​ចង់​សង់​នោះ​មាន​ទំហំ​ធំ​ណាស់ ដ្បិត​ព្រះ​របស់​យើង​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម លើស​ព្រះ​នានា។

6. ប៉ុន្តែ តើ​នរណា​អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អង្គ​បាន? សូម្បី​តែ​ផ្ទៃ​មេឃ​ដ៏​ធំ‌ធេង ក៏​ពុំ​មាន​កន្លែង​ល្មម​ថ្វាយ​ព្រះ‌អង្គ​គង់​ផង។ ទូលបង្គំ​ក៏​ពុំ​អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អង្គ​បាន​ដែរ គឺ​ទូលបង្គំ​គ្រាន់​តែ​ចង់​សង់​កន្លែង​មួយ សម្រាប់​ថ្វាយ​គ្រឿង​សក្ការ‌បូជា​ចំពោះ​ព្រះ‌អង្គ​ប៉ុណ្ណោះ។

7. ដូច្នេះ សូម​ចាត់​ជាង​ម្នាក់​ដ៏​ជំនាញ ដែល​ចេះ​សិត​មាស ប្រាក់ លង្ហិន ដែក ចេះ​ជ្រលក់​ក្រណាត់​ពណ៌​ក្រហម ខៀវ ស និង​ចេះ​ឆ្លាក់​ក្បាច់​គ្រប់​ប្រភេទ​ផង។ សូម​ឲ្យ​គាត់​មក​ធ្វើ​ការ​រួម​ជា​មួយ​ជាង​ជំនាញ ដែល​ស្ថិត​នៅ​ជា​មួយ​ទូលបង្គំ នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​អ្នក​ដែល​បិតា​របស់​ទូលបង្គំ​បាន​ជ្រើស​រើស។

8. សូម​បញ្ជូន​ឈើ​តាត្រៅ ឈើ​កកោះ និង​ខ្លឹមចន្ទន៍ ពី​ភ្នំ​លីបង់ មក​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ដឹង​ថា ពួក​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ប្រសប់​កាប់​ឈើ​នៅ​ភ្នំ​លីបង់​ណាស់។ រីឯ​អ្នក​បម្រើ​របស់​ទូលបង្គំ​នឹង​ទៅ​ធ្វើ​ការ​រួម​ជា​មួយ​ពួក​គេ

9. ដើម្បី​កាប់​ឈើ​ឲ្យ​បាន​ច្រើន​សម្រាប់​ទូលបង្គំ ដ្បិត​ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​ត្រូវ​សង់​នោះ​ធំ ហើយ​ស្កឹម‌ស្កៃ​ណាស់។

10. ទូលបង្គំ​នឹង​ផ្ដល់​ស្បៀង​ជា​ស្រូវ​ប្រាំ​មួយ​ពាន់​តោន ពោត​ប្រាំ​មួយ​ពាន់​តោន ស្រា​ទំពាំង‌បាយជូរ​ប្រាំ​បី​ពាន់​លីត្រ និង​ប្រេង​ឆា​ប្រាំ​បី​ពាន់​លីត្រ សម្រាប់​ផ្គត់‌ផ្គង់​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ដែល​កាប់​ឈើ​នេះ»។

11. ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្ដេច​ស្រុក​ទីរ៉ុស ផ្ញើ​សារ​មួយ​ឆ្លើយ​ទៅ​ព្រះ‌បាទ​សាឡូម៉ូន​វិញ​ថា៖ «ព្រះ‌អម្ចាស់​ពិត​ជា​ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ បាន​ជា​ព្រះ‌អង្គ​តែង‌តាំង​ព្រះ‌ករុណា​ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ»។

12. ព្រះ‌បាទ​ហ៊ីរ៉ាម​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ហើយ​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​បុត្រ​មួយ​អង្គ ប្រកប​ដោយ​តម្រិះ​ប្រាជ្ញា​ឈ្លាស​វៃ អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អម្ចាស់ និង​រាជ​វាំង​សម្រាប់​ព្រះ‌ករុណា​ផ្ទាល់។

13. ឥឡូវ​នេះ ទូលបង្គំ​សូម​ចាត់​ជាង​ដ៏​ជំនាញ​ម្នាក់ ដែល​មាន​ប្រាជ្ញា​ឈ្លាស​វៃ គឺ​លោក​ហ៊ី‌រ៉ាម

14. ជា​កូន​របស់​ស្ត្រី​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​ដាន់ ហើយ​ឪពុក​ជា​អ្នក​ក្រុង​ទីរ៉ុស។ គាត់​ស្ទាត់​ជំនាញ​ក្នុង​ការ​សិត​មាស ប្រាក់ លង្ហិន ដែក ឆ្លាក់​ថ្ម ឈើ ជ្រលក់​ក្រណាត់ ពណ៌​ក្រហម ខៀវ ស្វាយ និង​ក្រណាត់​ទេស‌ឯក​ម៉ដ្ដ ព្រម​ទាំង​ចេះ​ឆ្លាក់​ក្បាច់​គ្រប់​ប្រភេទ និង​ចេះ​ផលិត​វត្ថុ​គ្រប់​ប្រភេទ តាម​គម្រោង​ដែល​គេ​ប្រគល់​ឲ្យ។ គាត់​នឹង​ធ្វើ​ការ​រួម​ជា​មួយ​ជាង​ដ៏​ជំនាញ​របស់​ព្រះ‌ករុណា និង​ជាង​ដ៏​ជំនាញ​របស់​ព្រះ‌បាទ​ដាវីឌ​ជា​ម្ចាស់ ដែល​ជា​បិតា​របស់​ព្រះ‌ករុណា។

15. ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ផ្ដល់​ស្រូវ ពោត ប្រេង​ឆា និង​ស្រា​ទំពាំង‌បាយជូរ ដូច​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ចុះ!

២ របាក្សត្រ 2