2. ព្រះបាទសាឡូម៉ូនកេណ្ឌមនុស្សប្រាំពីរម៉ឺននាក់ សម្រាប់លីសែង និងប្រាំបីម៉ឺននាក់ សម្រាប់ដាប់ថ្មនៅលើភ្នំ ព្រមទាំងអ្នកទទួលខុសត្រូវចំនួនបីពាន់ប្រាំមួយរយនាក់។
3. ព្រះបាទសាឡូម៉ូនចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុសថា៖ «ព្រះករុណាបានផ្ដល់ឈើតាត្រៅថ្វាយព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ដើម្បីសង់ដំណាក់។
4. ទូលបង្គំចង់សង់ព្រះដំណាក់មួយថ្វាយព្រះនាមព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំ ដើម្បីញែកថ្វាយព្រះអង្គសម្រាប់ដុតគ្រឿងក្រអូប នៅចំពោះព្រះភ័ក្ត្រព្រះអង្គ សម្រាប់តម្កល់នំបុ័ងថ្វាយព្រះអង្គជាអចិន្ត្រៃយ៍ ព្រមទាំងថ្វាយតង្វាយដុត*ទាំងមូល នៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃសប្ប័ទ នៅថ្ងៃចូលខែថ្មី និងនៅថ្ងៃបុណ្យសំខាន់ផ្សេងៗរបស់ព្រះអម្ចាស់ ជាព្រះនៃយើង ជាទំនៀមទម្លាប់ដែលអ៊ីស្រាអែលត្រូវកាន់តាម រហូតតរៀងទៅ។
5. ព្រះដំណាក់ដែលទូលបង្គំចង់សង់នោះមានទំហំធំណាស់ ដ្បិតព្រះរបស់យើងជាព្រះដ៏ឧត្តុង្គឧត្ដម លើសព្រះនានា។
6. ប៉ុន្តែ តើនរណាអាចសង់ព្រះដំណាក់ថ្វាយព្រះអង្គបាន? សូម្បីតែផ្ទៃមេឃដ៏ធំធេង ក៏ពុំមានកន្លែងល្មមថ្វាយព្រះអង្គគង់ផង។ ទូលបង្គំក៏ពុំអាចសង់ព្រះដំណាក់ថ្វាយព្រះអង្គបានដែរ គឺទូលបង្គំគ្រាន់តែចង់សង់កន្លែងមួយ សម្រាប់ថ្វាយគ្រឿងសក្ការបូជាចំពោះព្រះអង្គប៉ុណ្ណោះ។
7. ដូច្នេះ សូមចាត់ជាងម្នាក់ដ៏ជំនាញ ដែលចេះសិតមាស ប្រាក់ លង្ហិន ដែក ចេះជ្រលក់ក្រណាត់ពណ៌ក្រហម ខៀវ ស និងចេះឆ្លាក់ក្បាច់គ្រប់ប្រភេទផង។ សូមឲ្យគាត់មកធ្វើការរួមជាមួយជាងជំនាញ ដែលស្ថិតនៅជាមួយទូលបង្គំ នៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម គឺអ្នកដែលបិតារបស់ទូលបង្គំបានជ្រើសរើស។
8. សូមបញ្ជូនឈើតាត្រៅ ឈើកកោះ និងខ្លឹមចន្ទន៍ ពីភ្នំលីបង់ មកឲ្យទូលបង្គំផង ដ្បិតទូលបង្គំដឹងថា ពួកអ្នកបម្រើរបស់ព្រះករុណាប្រសប់កាប់ឈើនៅភ្នំលីបង់ណាស់។ រីឯអ្នកបម្រើរបស់ទូលបង្គំនឹងទៅធ្វើការរួមជាមួយពួកគេ
9. ដើម្បីកាប់ឈើឲ្យបានច្រើនសម្រាប់ទូលបង្គំ ដ្បិតព្រះដំណាក់ដែលទូលបង្គំត្រូវសង់នោះធំ ហើយស្កឹមស្កៃណាស់។
10. ទូលបង្គំនឹងផ្ដល់ស្បៀងជាស្រូវប្រាំមួយពាន់តោន ពោតប្រាំមួយពាន់តោន ស្រាទំពាំងបាយជូរប្រាំបីពាន់លីត្រ និងប្រេងឆាប្រាំបីពាន់លីត្រ សម្រាប់ផ្គត់ផ្គង់អ្នកបម្រើរបស់ព្រះករុណាដែលកាប់ឈើនេះ»។
11. ព្រះបាទហ៊ីរ៉ាម ជាស្ដេចស្រុកទីរ៉ុស ផ្ញើសារមួយឆ្លើយទៅព្រះបាទសាឡូម៉ូនវិញថា៖ «ព្រះអម្ចាស់ពិតជាស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គ បានជាព្រះអង្គតែងតាំងព្រះករុណាឲ្យឡើងគ្រងរាជ្យលើពួកគេ»។
12. ព្រះបាទហ៊ីរ៉ាមមានរាជឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ហើយប្រោសប្រទានឲ្យព្រះបាទដាវីឌមានបុត្រមួយអង្គ ប្រកបដោយតម្រិះប្រាជ្ញាឈ្លាសវៃ អាចសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ និងរាជវាំងសម្រាប់ព្រះករុណាផ្ទាល់។
13. ឥឡូវនេះ ទូលបង្គំសូមចាត់ជាងដ៏ជំនាញម្នាក់ ដែលមានប្រាជ្ញាឈ្លាសវៃ គឺលោកហ៊ីរ៉ាម