25. ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការថា៖ «ចូរចាប់លោកមីកាយ៉ា នាំយកទៅប្រគល់ឲ្យលោកអាំម៉ូន ជាចៅហ្វាយក្រុង និងសម្ដេចយ៉ូអាស ជាបុត្ររបស់យើងទៅ!
26. រួចប្រាប់គេថា “ព្រះករុណាបញ្ជាឲ្យយកមនុស្សនេះទៅដាក់គុក ហើយផ្ដល់នំបុ័ង និងទឹកបន្តិចបន្តួចប៉ុណ្ណោះ រហូតដល់ថ្ងៃព្រះករុណាវិលមកពីច្បាំងវិញ ដោយសុខសាន្ត”»។
27. លោកមីកាយ៉ាទូលថា៖ «ប្រសិនបើព្រះករុណាពិតជាយាងត្រឡប់មកវិញ ដោយសុខសាន្តមែននោះ បានសេចក្ដីថា ព្រះអម្ចាស់ពុំមានព្រះបន្ទូលតាមរយៈទូលបង្គំទេ»។ បន្ទាប់មក លោកពោលទៀតថា៖ «ប្រជាជនទាំងអស់គ្នា ចូរស្ដាប់ចុះ!»។
28. ស្ដេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា នាំគ្នាយាងឆ្ពោះទៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។
29. ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនជាពលទាហាន រីឯព្រះករុណាវិញ សូមទ្រង់ព្រះភូសាយ៉ាងរុងរឿងចុះ!»។ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលក៏បានក្លែងខ្លួនជាពលទាហាន រួចស្ដេចទាំងពីរយាងចេញទៅច្បាំង។
30. ស្ដេចស្រុកស៊ីរីចេញបញ្ជាដល់មេបញ្ជាការកងរទេះចំបាំងថា៖ «មិនបាច់ប្រយុទ្ធនឹងពលទាហាន ឬនាយទាហានឡើយ ចូរប្រយុទ្ធតែនឹងស្ដេចស្រុកអ៊ីស្រាអែលប៉ុណ្ណោះ»។
31. កាលមេបញ្ជាការរទេះចំបាំងទាំងនោះឃើញព្រះបាទយ៉ូសាផាត ពួកគេពោលថា “នុ៎ះ ស្ដេចអ៊ីស្រាអែល” ពួកគេក៏ឡោមព័ទ្ធ ដើម្បីវាយប្រហារស្ដេច ប៉ុន្តែ ពេលព្រះបាទយ៉ូសាផាតស្រែកឡើង។ ព្រះអម្ចាស់យាងមកជួយស្ដេច ដោយធ្វើឲ្យមេទ័ពទាំងនោះចេញឆ្ងាយពីស្ដេច។
32. ពួកមេបញ្ជាការរទេះចំបាំងដឹងថា មិនមែនជាស្ដេចស្រុកអ៊ីស្រាអែលទេ ពួកគេក៏ឈប់ដេញតាម។