22. ឥឡូវនេះ ព្រះអម្ចាស់ដាក់វិញ្ញាណភូតកុហក ក្នុងមាត់ព្យាការីទាំងអស់របស់ព្រះករុណា ដ្បិតព្រះអម្ចាស់បានសម្រេចដាក់ទោសព្រះករុណាឲ្យរងទុក្ខវេទនាហើយ»។
23. ពេលនោះ លោកសេដេគា ជាកូនរបស់លោកក្នាណាចូលមកជិត ហើយទះកំផ្លៀងលោកមីកាយ៉ា ទាំងពោលថា៖ «តើព្រះវិញ្ញាណរបស់ព្រះអម្ចាស់ចេញពីខ្លួនខ្ញុំ មកនិយាយជាមួយអ្នកតាមផ្លូវណា?»។
24. លោកមីកាយ៉ាឆ្លើយថា៖ «ថ្ងៃដែលអ្នករត់ទៅពួន នៅបន្ទប់ខាងក្នុងផ្ទះរបស់អ្នក នោះអ្នកគង់តែដឹងទេ!»។
25. ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការថា៖ «ចូរចាប់លោកមីកាយ៉ា នាំយកទៅប្រគល់ឲ្យលោកអាំម៉ូន ជាចៅហ្វាយក្រុង និងសម្ដេចយ៉ូអាស ជាបុត្ររបស់យើងទៅ!
26. រួចប្រាប់គេថា “ព្រះករុណាបញ្ជាឲ្យយកមនុស្សនេះទៅដាក់គុក ហើយផ្ដល់នំបុ័ង និងទឹកបន្តិចបន្តួចប៉ុណ្ណោះ រហូតដល់ថ្ងៃព្រះករុណាវិលមកពីច្បាំងវិញ ដោយសុខសាន្ត”»។
27. លោកមីកាយ៉ាទូលថា៖ «ប្រសិនបើព្រះករុណាពិតជាយាងត្រឡប់មកវិញ ដោយសុខសាន្តមែននោះ បានសេចក្ដីថា ព្រះអម្ចាស់ពុំមានព្រះបន្ទូលតាមរយៈទូលបង្គំទេ»។ បន្ទាប់មក លោកពោលទៀតថា៖ «ប្រជាជនទាំងអស់គ្នា ចូរស្ដាប់ចុះ!»។
28. ស្ដេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា នាំគ្នាយាងឆ្ពោះទៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។
29. ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនជាពលទាហាន រីឯព្រះករុណាវិញ សូមទ្រង់ព្រះភូសាយ៉ាងរុងរឿងចុះ!»។ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលក៏បានក្លែងខ្លួនជាពលទាហាន រួចស្ដេចទាំងពីរយាងចេញទៅច្បាំង។
30. ស្ដេចស្រុកស៊ីរីចេញបញ្ជាដល់មេបញ្ជាការកងរទេះចំបាំងថា៖ «មិនបាច់ប្រយុទ្ធនឹងពលទាហាន ឬនាយទាហានឡើយ ចូរប្រយុទ្ធតែនឹងស្ដេចស្រុកអ៊ីស្រាអែលប៉ុណ្ណោះ»។