21. វិញ្ញាណនោះទូលថា “ទូលបង្គំនឹងបណ្ដាលចិត្តព្យាការីទាំងអស់របស់ស្ដេច ឲ្យពោលតែពាក្យភូតកុហក”។ ព្រះអម្ចាស់មានព្រះបន្ទូលថា “នេះជាមធ្យោបាយដ៏ប្រសើរសម្រាប់ល្បួងគេ ដូច្នេះ ចូរទៅធ្វើចុះ!”។
22. ឥឡូវនេះ ព្រះអម្ចាស់ដាក់វិញ្ញាណភូតកុហក ក្នុងមាត់ព្យាការីទាំងអស់របស់ព្រះករុណា ដ្បិតព្រះអម្ចាស់បានសម្រេចដាក់ទោសព្រះករុណាឲ្យរងទុក្ខវេទនាហើយ»។
23. ពេលនោះ លោកសេដេគា ជាកូនរបស់លោកក្នាណាចូលមកជិត ហើយទះកំផ្លៀងលោកមីកាយ៉ា ទាំងពោលថា៖ «តើព្រះវិញ្ញាណរបស់ព្រះអម្ចាស់ចេញពីខ្លួនខ្ញុំ មកនិយាយជាមួយអ្នកតាមផ្លូវណា?»។
24. លោកមីកាយ៉ាឆ្លើយថា៖ «ថ្ងៃដែលអ្នករត់ទៅពួន នៅបន្ទប់ខាងក្នុងផ្ទះរបស់អ្នក នោះអ្នកគង់តែដឹងទេ!»។
25. ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការថា៖ «ចូរចាប់លោកមីកាយ៉ា នាំយកទៅប្រគល់ឲ្យលោកអាំម៉ូន ជាចៅហ្វាយក្រុង និងសម្ដេចយ៉ូអាស ជាបុត្ររបស់យើងទៅ!
26. រួចប្រាប់គេថា “ព្រះករុណាបញ្ជាឲ្យយកមនុស្សនេះទៅដាក់គុក ហើយផ្ដល់នំបុ័ង និងទឹកបន្តិចបន្តួចប៉ុណ្ណោះ រហូតដល់ថ្ងៃព្រះករុណាវិលមកពីច្បាំងវិញ ដោយសុខសាន្ត”»។
27. លោកមីកាយ៉ាទូលថា៖ «ប្រសិនបើព្រះករុណាពិតជាយាងត្រឡប់មកវិញ ដោយសុខសាន្តមែននោះ បានសេចក្ដីថា ព្រះអម្ចាស់ពុំមានព្រះបន្ទូលតាមរយៈទូលបង្គំទេ»។ បន្ទាប់មក លោកពោលទៀតថា៖ «ប្រជាជនទាំងអស់គ្នា ចូរស្ដាប់ចុះ!»។
28. ស្ដេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា នាំគ្នាយាងឆ្ពោះទៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។
29. ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនជាពលទាហាន រីឯព្រះករុណាវិញ សូមទ្រង់ព្រះភូសាយ៉ាងរុងរឿងចុះ!»។ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលក៏បានក្លែងខ្លួនជាពលទាហាន រួចស្ដេចទាំងពីរយាងចេញទៅច្បាំង។
30. ស្ដេចស្រុកស៊ីរីចេញបញ្ជាដល់មេបញ្ជាការកងរទេះចំបាំងថា៖ «មិនបាច់ប្រយុទ្ធនឹងពលទាហាន ឬនាយទាហានឡើយ ចូរប្រយុទ្ធតែនឹងស្ដេចស្រុកអ៊ីស្រាអែលប៉ុណ្ណោះ»។
31. កាលមេបញ្ជាការរទេះចំបាំងទាំងនោះឃើញព្រះបាទយ៉ូសាផាត ពួកគេពោលថា “នុ៎ះ ស្ដេចអ៊ីស្រាអែល” ពួកគេក៏ឡោមព័ទ្ធ ដើម្បីវាយប្រហារស្ដេច ប៉ុន្តែ ពេលព្រះបាទយ៉ូសាផាតស្រែកឡើង។ ព្រះអម្ចាស់យាងមកជួយស្ដេច ដោយធ្វើឲ្យមេទ័ពទាំងនោះចេញឆ្ងាយពីស្ដេច។
32. ពួកមេបញ្ជាការរទេះចំបាំងដឹងថា មិនមែនជាស្ដេចស្រុកអ៊ីស្រាអែលទេ ពួកគេក៏ឈប់ដេញតាម។
33. ប៉ុន្តែ មានទាហានស៊ីរីម្នាក់ យឹតធ្នូបាញ់ព្រាវទៅ ត្រូវចំស្ដេចស្រុកអ៊ីស្រាអែលត្រង់ចន្លោះអាវក្រោះ។ ស្ដេចមានរាជឱង្ការទៅកាន់អ្នកបររាជរថថា៖ «ចូរបកក្រោយ នាំយើងចេញពីសមរភូមិភ្លាម ព្រោះយើងត្រូវរបួសហើយ»។
34. នៅថ្ងៃនោះ ការប្រយុទ្ធមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើង គេពុំអាចនាំស្ដេចអ៊ីស្រាអែលចេញពីសមរភូមិបានឡើយ។ ដូច្នេះ ស្ដេចស្ថិតនៅក្នុងរាជរថរហូតដល់ល្ងាច ហើយស្ដេចក៏សោយទិវង្គតនៅពេលថ្ងៃលិច។