15. ប៉ុន្តែ ស្ដេចមានរាជឱង្ការមកលោកវិញថា៖ «តើយើងត្រូវប្រាប់អ្នកប៉ុន្មានដងទៀតថា ឲ្យអ្នកនិយាយតែការពិតប្រាប់យើង ក្នុងនាមព្រះអម្ចាស់?»។
16. លោកមីកាយ៉ាទូលថា៖«ទូលបង្គំបានឃើញពលទាហានអ៊ីស្រាអែលទាំងមូលបាក់ទ័ព រត់ខ្ចាត់ខ្ចាយនៅលើភ្នំពួកគេប្រៀបដូចជាហ្វូងចៀមដែលគ្មាននរណាឃ្វាល។ ព្រះអម្ចាស់មានព្រះបន្ទូលថា:អ្នកទាំងនោះគ្មានមេដឹកនាំទេចូរឲ្យពួកគេត្រឡប់ទៅផ្ទះរៀងៗខ្លួនដោយសុខសាន្តចុះ!»។
17. ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំបានទូលព្រះករុណាហើយថា គាត់មិនដែលទាយពីការល្អឲ្យទូលបង្គំទេ គឺទាយតែពីការអាក្រក់ប៉ុណ្ណោះ!»។
18. លោកមីកាយ៉ាទូលថា៖ «ពិតមែនហើយ! ដូច្នេះ សូមសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ទូលបង្គំឃើញព្រះអម្ចាស់គង់លើរាជបល្ល័ង្ក ហើយមានកងពលនៃស្ថានបរមសុខទាំងមូលឈរគាល់ព្រះអង្គ ទាំងឆ្វេង ទាំងស្ដាំផង។
19. ព្រះអម្ចាស់មានព្រះបន្ទូលថា “តើអ្នកណាចង់ល្បួងអហាប់ ជាស្ដេចស្រុកអ៊ីស្រាអែល ឲ្យទៅច្បាំងយកក្រុងរ៉ាម៉ូតនៃស្រុកកាឡាដ ដើម្បីឲ្យអហាប់ដួលស្លាប់នៅទីនោះ?”។ អ្នកខ្លះពោលយ៉ាងនេះ អ្នកខ្លះពោលយ៉ាងនោះ។
20. ពេលនោះ មានវិញ្ញាណមួយចេញមកឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយទូលថា “ទូលបង្គំនឹងទៅល្បួង!” ព្រះអម្ចាស់មានព្រះបន្ទូលសួរថា “តើអ្នកធ្វើដូចម្ដេច?”។
21. វិញ្ញាណនោះទូលថា “ទូលបង្គំនឹងបណ្ដាលចិត្តព្យាការីទាំងអស់របស់ស្ដេច ឲ្យពោលតែពាក្យភូតកុហក”។ ព្រះអម្ចាស់មានព្រះបន្ទូលថា “នេះជាមធ្យោបាយដ៏ប្រសើរសម្រាប់ល្បួងគេ ដូច្នេះ ចូរទៅធ្វើចុះ!”។
22. ឥឡូវនេះ ព្រះអម្ចាស់ដាក់វិញ្ញាណភូតកុហក ក្នុងមាត់ព្យាការីទាំងអស់របស់ព្រះករុណា ដ្បិតព្រះអម្ចាស់បានសម្រេចដាក់ទោសព្រះករុណាឲ្យរងទុក្ខវេទនាហើយ»។
23. ពេលនោះ លោកសេដេគា ជាកូនរបស់លោកក្នាណាចូលមកជិត ហើយទះកំផ្លៀងលោកមីកាយ៉ា ទាំងពោលថា៖ «តើព្រះវិញ្ញាណរបស់ព្រះអម្ចាស់ចេញពីខ្លួនខ្ញុំ មកនិយាយជាមួយអ្នកតាមផ្លូវណា?»។
24. លោកមីកាយ៉ាឆ្លើយថា៖ «ថ្ងៃដែលអ្នករត់ទៅពួន នៅបន្ទប់ខាងក្នុងផ្ទះរបស់អ្នក នោះអ្នកគង់តែដឹងទេ!»។
25. ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការថា៖ «ចូរចាប់លោកមីកាយ៉ា នាំយកទៅប្រគល់ឲ្យលោកអាំម៉ូន ជាចៅហ្វាយក្រុង និងសម្ដេចយ៉ូអាស ជាបុត្ររបស់យើងទៅ!