២ របាក្សត្រ 18:1-9 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​ទ្រព្យ​សម្បត្តិ និង​កិត្តិយស​យ៉ាង​ច្រើន។ ស្ដេច​បាន​ចង​ស្ពាន‌មេត្រី​នឹង​ព្រះ‌បាទ​អហាប់ តាម​ចំណង​អាពាហ៍‌ពិពាហ៍។

2. ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ព្រះ‌បាទ​យ៉ូសា‌ផាត​យាង​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​អហាប់ នៅ​ក្រុង​សាម៉ារី។ ពេល​នោះ ព្រះ‌បាទ​អហាប់​រៀប‌ចំ​ចៀម និង​គោ​មួយ​ចំនួន​ធំ ដើម្បី​ទទួល​ព្រះ‌បាទ​យ៉ូសា‌ផាត និង​អស់​អ្នក​ដែល​អម​ដំណើរ​ស្ដេច។ ព្រះ‌បាទ​អហាប់​ក៏​បាន​បបួល​ព្រះ‌បាទ​យ៉ូសា‌ផាត ឡើង​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។

3. ព្រះ‌បាទ​អហាប់ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​យាង​ទៅ​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ជា​មួយ​ទូលបង្គំ​ឬ​ទេ?»។ ព្រះ‌បាទ​យ៉ូសា‌ផាត​តប​វិញ​ថា៖ «ទូលបង្គំ​ក៏​ដូច​ព្រះ‌ករុណា ប្រជា‌រាស្ត្រ​របស់​ទូលបង្គំ​ក៏​ដូច​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ករុណា យើង​នឹង​ទៅ​ច្បាំង​រួម​ជា​មួយ​ព្រះ‌ករុណា​ដែរ!»។

4. ព្រះ‌បាទ​យ៉ូសា‌ផាត​ទូល​ទៀត​ថា៖ «ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ទូល​សួរ​ព្រះ‌អម្ចាស់​សិន»។

5. ស្ដេច​អ៊ីស្រា‌អែល​កោះ​ហៅ​ព្យាការី​ចំនួន​បួន​រយ​នាក់​មក ហើយ​សួរ​ពួក​គេ​ថា៖ «តើ​ពួក​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ ពួក​គេ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​ចុះ ព្រះ‌ជាម្ចាស់​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​មិន​ខាន»។

6. ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​នៅ​ទី​នេះ​គ្មាន​ព្យាការី​របស់​ព្រះ‌អម្ចាស់ ដែល​យើង​អាច​ទូល​សួរ​ព្រះ‌អង្គ​ទេ​ឬ?»។

7. ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទូល​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «នៅ​មាន​មនុស្ស​ម្នាក់​ទៀត​ដែល​អាច​ទូល​សួរ​ព្រះ‌អម្ចាស់​បាន តែ​ទូលបង្គំ​ស្អប់​អ្នក​នោះ​ណាស់ ព្រោះ​គាត់​មិន​ដែល​ទាយ​ពី​ការ​ល្អ​ឲ្យ​ទូលបង្គំ​ទេ គឺ​គាត់​ទាយ​តែ​ពី​ការ​អាក្រក់​ប៉ុណ្ណោះ។ អ្នក​នោះ​ឈ្មោះ​មីកា‌យ៉ា ជា​កូន​របស់​លោក​យីម‌ឡា»។ ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ព្រះ‌ករុណា​កុំ​មាន​រាជ‌ឱង្ការ​បែប​នេះ​ឡើយ!»។

8. ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ក៏​ហៅ​មហា‌តលិក​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ហៅ​លោក​មីកា‌យ៉ា ជា​កូន​របស់​លោក​យីម‌ឡា មក​ជា​ប្រញាប់!»។

9. ស្ដេច​ស្រុក​អ៊ីស្រា‌អែល និង​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា ស្លៀក​ពាក់​យ៉ាង​រុងរឿង គង់​លើ​បល្ល័ង្ក​រៀងៗ​ខ្លួន គង់​ត្រង់​ព្រលាន​ដែល​នៅ​ទល់​មុខ​ទ្វារ​ក្រុង​សាម៉ារី ព្យាការី​ទាំង​អស់​នាំ​គ្នា​ទស្សន៍‌ទាយ​ថ្វាយ​ស្ដេច។

២ របាក្សត្រ 18