1. ព្រះបាទយ៉ូសាផាតមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើន។ ស្ដេចបានចងស្ពានមេត្រីនឹងព្រះបាទអហាប់ តាមចំណងអាពាហ៍ពិពាហ៍។
2. ប៉ុន្មានឆ្នាំក្រោយមក ព្រះបាទយ៉ូសាផាតយាងទៅសួរសុខទុក្ខព្រះបាទអហាប់ នៅក្រុងសាម៉ារី។ ពេលនោះ ព្រះបាទអហាប់រៀបចំចៀម និងគោមួយចំនួនធំ ដើម្បីទទួលព្រះបាទយ៉ូសាផាត និងអស់អ្នកដែលអមដំណើរស្ដេច។ ព្រះបាទអហាប់ក៏បានបបួលព្រះបាទយ៉ូសាផាត ឡើងទៅវាយយកក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។
3. ព្រះបាទអហាប់ ជាស្ដេចស្រុកអ៊ីស្រាអែល មានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «តើព្រះករុណាសព្វព្រះហឫទ័យយាងទៅក្រុងរ៉ាម៉ូត នៅស្រុកកាឡាដជាមួយទូលបង្គំឬទេ?»។ ព្រះបាទយ៉ូសាផាតតបវិញថា៖ «ទូលបង្គំក៏ដូចព្រះករុណា ប្រជារាស្ត្ររបស់ទូលបង្គំក៏ដូចជាប្រជារាស្ត្ររបស់ព្រះករុណា យើងនឹងទៅច្បាំងរួមជាមួយព្រះករុណាដែរ!»។
4. ព្រះបាទយ៉ូសាផាតទូលទៀតថា៖ «ឥឡូវនេះ សូមព្រះករុណាទូលសួរព្រះអម្ចាស់សិន»។
5. ស្ដេចអ៊ីស្រាអែលកោះហៅព្យាការីចំនួនបួនរយនាក់មក ហើយសួរពួកគេថា៖ «តើពួកយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេទូលថា៖ «សូមព្រះករុណាយាងទៅចុះ ព្រះជាម្ចាស់នឹងប្រគល់ក្រុងនោះ មកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាមិនខាន»។
6. ព្រះបាទយ៉ូសាផាតមានរាជឱង្ការសួរថា៖ «តើនៅទីនេះគ្មានព្យាការីរបស់ព្រះអម្ចាស់ ដែលយើងអាចទូលសួរព្រះអង្គទេឬ?»។
7. ស្ដេចស្រុកអ៊ីស្រាអែលទូលព្រះបាទយ៉ូសាផាតថា៖ «នៅមានមនុស្សម្នាក់ទៀតដែលអាចទូលសួរព្រះអម្ចាស់បាន តែទូលបង្គំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីការល្អឲ្យទូលបង្គំទេ គឺគាត់ទាយតែពីការអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកាយ៉ា ជាកូនរបស់លោកយីមឡា»។ ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «សូមព្រះករុណាកុំមានរាជឱង្ការបែបនេះឡើយ!»។
8. ស្ដេចស្រុកអ៊ីស្រាអែលក៏ហៅមហាតលិកមក ហើយមានរាជឱង្ការថា៖ «ចូរទៅហៅលោកមីកាយ៉ា ជាកូនរបស់លោកយីមឡា មកជាប្រញាប់!»។
9. ស្ដេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា ស្លៀកពាក់យ៉ាងរុងរឿង គង់លើបល្ល័ង្ករៀងៗខ្លួន គង់ត្រង់ព្រលានដែលនៅទល់មុខទ្វារក្រុងសាម៉ារី ព្យាការីទាំងអស់នាំគ្នាទស្សន៍ទាយថ្វាយស្ដេច។
10. លោកសេដេគាជាកូនរបស់លោកក្នាណាធ្វើស្នែងដែក ហើយពោលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយស្នែងដែកទាំងនេះ អ្នកនឹងវាយកងទ័ពស៊ីរីឲ្យវិនាសសូន្យ!»។