5. ព្រះអម្ចាស់ពង្រឹងរាជសម្បត្តិរបស់ស្ដេចឲ្យបានរឹងប៉ឹង ហើយប្រជាជនយូដាទាំងមូលតែងតែនាំយកតង្វាយមកថ្វាយព្រះបាទយ៉ូសាផាត។ ស្ដេចមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើនបំផុត។
6. ស្ដេចខ្នះខ្នែងធ្វើតាមមាគ៌ារបស់ព្រះអម្ចាស់យ៉ាងអស់ពីចិត្ត ហើយលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងបង្គោលរបស់ព្រះអាសេរ៉ា អស់ពីទឹកដីយូដា។
7. នៅឆ្នាំទីដប់បីនៃរជ្ជកាលព្រះបាទយ៉ូសាផាត ស្ដេចបានចាត់មន្ត្រីមួយក្រុម គឺមានលោកបេន-ហែល លោកអូបាឌា លោកសាការី លោកនេថានេល និងលោកមីកាយ៉ា ឲ្យចុះទៅអប់រំប្រជាជននៅតាមក្រុងនានាក្នុងស្រុកយូដា។
8. ក្រុមលេវីដែលមានលោកសេម៉ាយ៉ា លោកនេថានា លោកសេបាឌា លោកអេសាអែល លោកសេមីរ៉ាម៉ុត លោកយ៉ូណាថាន លោកអដូនីយ៉ា លោកថូប៊ីយ៉ា លោកថូប-អដូនីយ៉ា ព្រមទាំងក្រុមបូជាចារ្យ ដែលមានលោកអេលីសាម៉ា និងលោកយ៉ូរ៉ាម ក៏រួមដំណើរជាមួយមន្ត្រីទាំងនោះដែរ។
9. ពួកគេបង្រៀនប្រជាជននៅស្រុកយូដា ដោយយកក្រឹត្យវិន័យ*របស់ព្រះអម្ចាស់ ទៅជាមួយផង។ ពួកគេធ្វើដំណើរតាមក្រុងទាំងអស់នៃស្រុកយូដា ហើយប្រៀនប្រដៅអ្នកស្រុក។