6. ពេលនោះ ព្រះបាទអេសាបានកេណ្ឌជនជាតិយូដាទាំងមូល ឲ្យជញ្ជូនថ្ម និងឈើ ដែលព្រះបាទបាសាប្រើប្រាស់សម្រាប់សង់កំពែងក្រុងរ៉ាម៉ា។ ស្ដេចយកថ្ម និងឈើទាំងនោះទៅសង់កំពែងក្រុងកេបា និងក្រុងមីសប៉ា។
7. នៅគ្រានោះ លោកហាណានី ជាគ្រូទាយ ចូលទៅគាល់ព្រះបាទអេសា ស្ដេចស្រុកយូដា ទូលថា៖ «ដោយព្រះករុណាពឹងផ្អែកលើស្ដេចស្រុកស៊ីរី គឺពុំបានពឹងផ្អែកលើព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាទេនោះ កងទ័ពរបស់ស្ដេចស្រុកស៊ីរីបានគេចផុតពីកណ្ដាប់ដៃរបស់ព្រះករុណា។
8. កាលជនជាតិអេត្យូពី និងជនជាតិលីប៊ី លើកទ័ពមកជាមួយគ្នា ទោះបីពួកគេមានពលទ័ព រទេះចំបាំង និងទ័ពសេះ ច្រើនឥតគណនាក្ដី ក៏ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាដែរ ដ្បិតព្រះករុណាបានពឹងផ្អែកលើព្រះអង្គ។
9. ព្រះអម្ចាស់រំពៃមើលមកផែនដីទាំងមូល ដើម្បីគាំទ្រអស់អ្នកដែលស្រឡាញ់ព្រះអង្គ យ៉ាងស្មោះអស់ពីចិត្ត។ លើកនេះ ព្រះករុណាប្រព្រឹត្តដោយគ្មានវិចារណញ្ញាណ។ ដូច្នេះ ចាប់ពីពេលនេះទៅ ព្រះករុណាជួបប្រទះតែនឹងសង្គ្រាមជានិច្ច»។
10. ព្រះបាទអេសាខ្ញាល់នឹងគ្រូទាយជាខ្លាំង ទ្រង់ក៏ឲ្យគេយកលោកទៅឃុំឃាំង ដ្បិតពាក្យរបស់លោកបានធ្វើឲ្យទ្រង់ក្រេវក្រោធ។ ក្នុងពេលជាមួយគ្នានោះ ព្រះបាទអេសាសង្កត់សង្កិនប្រជាជនមួយចំនួន។
11. រាជកិច្ចផ្សេងៗរបស់ព្រះបាទអេសា ចាប់ពីដើម រហូតដល់ចុងបញ្ចប់ មានកត់ត្រាទុកនៅក្នុងក្រាំងរបស់ស្ដេចស្រុកយូដា និងស្ដេចស្រុកអ៊ីស្រាអែល។
12. នៅឆ្នាំទីសាមសិបប្រាំបួននៃរជ្ជកាលរបស់ស្ដេច ទ្រង់កើតរោគាយ៉ាងធ្ងន់នៅព្រះបាទា ប៉ុន្តែ ទោះបីទ្រង់ប្រឈួនយ៉ាងនេះក្ដី ក៏ទ្រង់ពុំបានទូលអង្វរសូមព្រះអម្ចាស់ជួយដែរ គឺទ្រង់បែរជារកគ្រូពេទ្យព្យាបាលទៅវិញ។
13. ព្រះបាទអេសាសោយទិវង្គត ទៅជួបជុំនឹងពួកអយ្យកោ នៅឆ្នាំទីសែសិបមួយនៃរជ្ជកាលរបស់ស្ដេច។
14. គេយកសពទៅបញ្ចុះក្នុងផ្នូរមួយ ដែលទ្រង់បានឲ្យគេជីកនៅបុរីព្រះបាទដាវីឌ។ គេតម្កល់សពរបស់ស្ដេចលើគ្រែមួយ ដោយមានអប់គ្រឿងក្រអូបដែលរៀបចំឡើង តាមក្បួនតម្រារបស់អ្នកអប់សព ហើយគេក៏បានដុតគ្រឿងក្រអូបយ៉ាងច្រើន ដើម្បីទុកជាគារវកិច្ចចំពោះស្ដេច។