5. កាលព្រះបាទបាសាជ្រាបពីដំណឹងនេះ ទ្រង់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា គឺទ្រង់ផ្អាកកិច្ចការទាំងអស់។
6. ពេលនោះ ព្រះបាទអេសាបានកេណ្ឌជនជាតិយូដាទាំងមូល ឲ្យជញ្ជូនថ្ម និងឈើ ដែលព្រះបាទបាសាប្រើប្រាស់សម្រាប់សង់កំពែងក្រុងរ៉ាម៉ា។ ស្ដេចយកថ្ម និងឈើទាំងនោះទៅសង់កំពែងក្រុងកេបា និងក្រុងមីសប៉ា។
7. នៅគ្រានោះ លោកហាណានី ជាគ្រូទាយ ចូលទៅគាល់ព្រះបាទអេសា ស្ដេចស្រុកយូដា ទូលថា៖ «ដោយព្រះករុណាពឹងផ្អែកលើស្ដេចស្រុកស៊ីរី គឺពុំបានពឹងផ្អែកលើព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាទេនោះ កងទ័ពរបស់ស្ដេចស្រុកស៊ីរីបានគេចផុតពីកណ្ដាប់ដៃរបស់ព្រះករុណា។
8. កាលជនជាតិអេត្យូពី និងជនជាតិលីប៊ី លើកទ័ពមកជាមួយគ្នា ទោះបីពួកគេមានពលទ័ព រទេះចំបាំង និងទ័ពសេះ ច្រើនឥតគណនាក្ដី ក៏ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាដែរ ដ្បិតព្រះករុណាបានពឹងផ្អែកលើព្រះអង្គ។
9. ព្រះអម្ចាស់រំពៃមើលមកផែនដីទាំងមូល ដើម្បីគាំទ្រអស់អ្នកដែលស្រឡាញ់ព្រះអង្គ យ៉ាងស្មោះអស់ពីចិត្ត។ លើកនេះ ព្រះករុណាប្រព្រឹត្តដោយគ្មានវិចារណញ្ញាណ។ ដូច្នេះ ចាប់ពីពេលនេះទៅ ព្រះករុណាជួបប្រទះតែនឹងសង្គ្រាមជានិច្ច»។
10. ព្រះបាទអេសាខ្ញាល់នឹងគ្រូទាយជាខ្លាំង ទ្រង់ក៏ឲ្យគេយកលោកទៅឃុំឃាំង ដ្បិតពាក្យរបស់លោកបានធ្វើឲ្យទ្រង់ក្រេវក្រោធ។ ក្នុងពេលជាមួយគ្នានោះ ព្រះបាទអេសាសង្កត់សង្កិនប្រជាជនមួយចំនួន។