3. «ទូលបង្គំសូមចងសម្ពន្ធមិត្តជាមួយព្រះករុណា ដូចបិតារបស់ទូលបង្គំបានចងជាមួយបិតារបស់ព្រះករុណាដែរ។ ទូលបង្គំសូមផ្ញើមាស និងប្រាក់នេះ មកថ្វាយព្រះករុណា។ សូមព្រះករុណាផ្ដាច់ចំណងសម្ពន្ធមិត្តជាមួយបាសា ជាស្ដេចស្រុកអ៊ីស្រាអែលទៅ ដើម្បីកុំឲ្យស្ដេចនោះឡើងមកវាយទូលបង្គំទៀត»។
4. ព្រះបាទបេនហាដាឌយល់ព្រមតាមសំណូមពររបស់ព្រះបាទអេសា ហើយចាត់មេទ័ពឲ្យទៅវាយក្រុងនានារបស់ស្រុកអ៊ីស្រាអែល។ ពួកគេវាយយកក្រុងអ៊ីយ៉ូន ក្រុងដាន់ ក្រុងអេបិល-ម៉ែម និងក្រុងទាំងប៉ុន្មាន ព្រមទាំងកន្លែងផ្ទុកស្បៀង នៅស្រុកណែបថាលី។
5. កាលព្រះបាទបាសាជ្រាបពីដំណឹងនេះ ទ្រង់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា គឺទ្រង់ផ្អាកកិច្ចការទាំងអស់។
6. ពេលនោះ ព្រះបាទអេសាបានកេណ្ឌជនជាតិយូដាទាំងមូល ឲ្យជញ្ជូនថ្ម និងឈើ ដែលព្រះបាទបាសាប្រើប្រាស់សម្រាប់សង់កំពែងក្រុងរ៉ាម៉ា។ ស្ដេចយកថ្ម និងឈើទាំងនោះទៅសង់កំពែងក្រុងកេបា និងក្រុងមីសប៉ា។
7. នៅគ្រានោះ លោកហាណានី ជាគ្រូទាយ ចូលទៅគាល់ព្រះបាទអេសា ស្ដេចស្រុកយូដា ទូលថា៖ «ដោយព្រះករុណាពឹងផ្អែកលើស្ដេចស្រុកស៊ីរី គឺពុំបានពឹងផ្អែកលើព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាទេនោះ កងទ័ពរបស់ស្ដេចស្រុកស៊ីរីបានគេចផុតពីកណ្ដាប់ដៃរបស់ព្រះករុណា។
8. កាលជនជាតិអេត្យូពី និងជនជាតិលីប៊ី លើកទ័ពមកជាមួយគ្នា ទោះបីពួកគេមានពលទ័ព រទេះចំបាំង និងទ័ពសេះ ច្រើនឥតគណនាក្ដី ក៏ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាដែរ ដ្បិតព្រះករុណាបានពឹងផ្អែកលើព្រះអង្គ។
9. ព្រះអម្ចាស់រំពៃមើលមកផែនដីទាំងមូល ដើម្បីគាំទ្រអស់អ្នកដែលស្រឡាញ់ព្រះអង្គ យ៉ាងស្មោះអស់ពីចិត្ត។ លើកនេះ ព្រះករុណាប្រព្រឹត្តដោយគ្មានវិចារណញ្ញាណ។ ដូច្នេះ ចាប់ពីពេលនេះទៅ ព្រះករុណាជួបប្រទះតែនឹងសង្គ្រាមជានិច្ច»។
10. ព្រះបាទអេសាខ្ញាល់នឹងគ្រូទាយជាខ្លាំង ទ្រង់ក៏ឲ្យគេយកលោកទៅឃុំឃាំង ដ្បិតពាក្យរបស់លោកបានធ្វើឲ្យទ្រង់ក្រេវក្រោធ។ ក្នុងពេលជាមួយគ្នានោះ ព្រះបាទអេសាសង្កត់សង្កិនប្រជាជនមួយចំនួន។