3. ក្នុងអំឡុងពេលដ៏យូរលង់ ជនជាតិអ៊ីស្រាអែលគ្មានព្រះពិតប្រាកដ គ្មានបូជាចារ្យសម្រាប់បង្ហាត់បង្រៀន ហើយក៏គ្មានក្រឹត្យវិន័យដែរ។
4. ប៉ុន្តែ ក្នុងពេលមានអាសន្ន ពួកគេវិលមករកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ពួកគេស្វែងរកព្រះអង្គ ព្រះអង្គក៏ឲ្យពួកគេរកឃើញ។
5. នៅគ្រានោះ គ្មានសន្តិសុខទេ ប្រជាជនពុំអាចធ្វើដំណើរទៅវិញទៅមកបានឡើយ ព្រោះជារយៈពេលមួយដែលអ្នកស្រុកទាំងអស់ភ័យខ្លាចយ៉ាងខ្លាំង។
6. ប្រជាជាតិមួយច្បាំងនឹងប្រជាជាតិមួយ ក្រុងមួយច្បាំងនឹងក្រុងមួយទៀត ដ្បិតព្រះជាម្ចាស់ធ្វើឲ្យពួកគេវឹកវរ ដោយសារទុក្ខវេទនាសព្វបែបយ៉ាង។
7. ចំពោះអ្នករាល់គ្នាវិញ ចូរមានចិត្តខ្ជាប់ខ្ជួន មិនត្រូវបាក់ទឹកចិត្តឡើយ ព្រោះអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត តែងតែទទួលរង្វាន់ជាពុំខាន!»។
8. កាលព្រះបាទអេសាទ្រង់ព្រះសណ្ដាប់ឮពាក្យទាំងប៉ុន្មាន ដែលព្យាការីអសារា ជាកូនរបស់លោកអូដេត បានថ្លែង ទ្រង់ក៏មានចិត្តក្លាហាន ហើយលុបបំបាត់ព្រះក្លែងក្លាយនៅក្នុងស្រុកយូដា និងបេនយ៉ាមីនទាំងមូល ព្រមទាំងនៅតាមក្រុងនានា ដែលទ្រង់វាយយកបាននៅតំបន់ភ្នំអេប្រាអ៊ីម។ ស្ដេចជួសជុលអាសនៈរបស់ព្រះអម្ចាស់ ដែលស្ថិតនៅមុខបន្ទប់ល្វែងនៃព្រះដំណាក់របស់ព្រះអម្ចាស់ជាថ្មីឡើងវិញ។
9. ព្រះបាទអេសាប្រមូលផ្តុំប្រជាជនយូដា និងបេនយ៉ាមីនទាំងមូល ព្រមទាំងប្រជាជនពីកុលសម្ព័ន្ធអេប្រាអ៊ីម ម៉ាណាសេ និងស៊ីម្មាន ដែលបានភៀសខ្លួនមកនៅស្រុកយូដា ដ្បិតជនជាតិអ៊ីស្រាអែលមួយចំនួនធំ បានមករួបរួមជាមួយស្ដេច ព្រោះពួកគេឃើញថា ព្រះអម្ចាស់ជាព្រះរបស់ស្ដេច គង់នៅជាមួយស្ដេច។
10. ពួកគេមកជួបជុំគ្នានៅក្រុងយេរូសាឡឹម នៅខែទីបី ក្នុងឆ្នាំទីដប់ប្រាំនៃរជ្ជកាលព្រះបាទអេសា។
11. នៅថ្ងៃនោះ ពួកគេយកសត្វពីចំណោមហ្វូងសត្វដែលពួកគេរឹបអូសបានជាជយភ័ណ្ឌ មកថ្វាយជាយញ្ញបូជាចំពោះព្រះអម្ចាស់ គឺមានគោប្រាំពីររយក្បាល និងចៀមប្រាំពីរពាន់ក្បាល។
12. ពួកគេបានចូលរួមក្នុងសម្ពន្ធមេត្រី ដោយតាំងចិត្តស្វែងរកព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ពួកគេ យ៉ាងស្មោះអស់ពីចិត្ត និងអស់ពីស្មារតី។
13. ប្រសិនបើអ្នកណាម្នាក់ ទោះបីក្មេង ឬចាស់ក្ដី ប្រុស ឬស្រីក្ដី មិនស្វែងរកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលទេ អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។