1. កាលព្រះបាទអប៊ីយ៉ាសោយទិវង្គត គេយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអេសា ជាបុត្របានឡើងស្នងរាជ្យ។ ក្នុងរជ្ជកាលព្រះបាទអេសា ស្រុកទេសបានសុខសាន្តត្រាណ អស់រយៈពេលដប់ឆ្នាំ។
2. ព្រះបាទអេសាប្រព្រឹត្តអំពើសុចរិត និងទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្ដេច។
3. ស្ដេចបានលុបបំបាត់អាសនៈរបស់សាសន៍ដទៃ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗ។ ស្ដេចបានវាយបំបាក់រូបស្តូប និងកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា។
4. ស្ដេចបានប្រាប់ជនជាតិយូដាឲ្យស្វែងរកព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន ព្រមទាំងប្រតិបត្តិតាមក្រឹត្យវិន័យ និងបទបញ្ជារបស់ព្រះអង្គផង។
5. ស្ដេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ និងអាសនៈសម្រាប់ដុតគ្រឿងក្រអូបនៅតាមក្រុងទាំងឡាយ ក្នុងស្រុកយូដា។ ក្នុងរជ្ជកាលរបស់ព្រះបាទអេសា ស្រុកទេសបានសុខសាន្តត្រាណ។
6. ស្ដេចបានសង់ក្រុងដ៏មានកំពែងរឹងមាំក្នុងស្រុកយូដា ព្រោះស្រុកបានសាន្តត្រាណ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ ស្រុកគ្មានសង្គ្រាមទេ ដ្បិតព្រះអម្ចាស់ប្រោសប្រទានឲ្យស្ដេចមានសុខសន្តិភាព។
7. ស្ដេចមានរាជឱង្ការទៅកាន់ប្រជាជនយូដាថា៖ «ចូរនាំគ្នាសង់ក្រុងទាំងនេះ ហើយធ្វើកំពែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ និងរនុក ក្នុងពេលដែលស្រុកនៅសុខសាន្តត្រាណ។ យើងរាល់គ្នាបានស្វែងរកព្រះអម្ចាស់ ជាព្រះនៃយើង ព្រោះតែយើងស្វែងរកហើយ ទើបព្រះអម្ចាស់ប្រោសប្រទានឲ្យយើងបានសុខសាន្ត គ្រប់ទិសទី»។ ដូច្នេះ ពួកគេសង់ក្រុងនានាបានសម្រេចជាស្ថាពរ។
8. ព្រះបាទអេសាមានទ័ពចំនួន ៣០០ ០០០នាក់ ដែលជាអ្នកស្រុកយូដា ប្រដាប់ដោយខែលធំ និងលំពែង ហើយ២៨០ ០០០នាក់ទៀត ជាអ្នកស្រុកបេនយ៉ាមីន ប្រដាប់ដោយខែលតូច និងជំនាញខាងបាញ់ធ្នូ។ អ្នកទាំងនោះសុទ្ធតែជាទាហានដ៏ពូកែអង់អាច។