8. ឥឡូវនេះ អ្នករាល់គ្នាគិតប្រឆាំងតទល់នឹងរាជអំណាចរបស់ព្រះអម្ចាស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃកូនចៅរបស់ព្រះបាទដាវីឌទៀត។ អ្នករាល់គ្នាមានកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក៏មានរូបកូនគោមាស ដែលស្ដេចយេរ៉ូបោមបានសិតធ្វើជាព្រះឲ្យអ្នករាល់គ្នាគោរពបម្រើ នៅជាមួយដែរ។
9. អ្នករាល់គ្នាបានបណ្ដេញពួកបូជាចារ្យ*របស់ព្រះអម្ចាស់ ជាពូជពង្សរបស់លោកអើរ៉ុន និងពួកលេវីចេញ រួចជ្រើសរើសបូជាចារ្យតាមរបៀបសាសន៍ដទៃ គឺឲ្យតែនរណាយកគោបាមួយ និងចៀមឈ្មោលប្រាំពីរមក នោះគេមុខតែបានទទួលការតែងតាំងជាបូជាចារ្យនៃវត្ថុដែលមិនមែនជាព្រះ។
10. រីឯពួកយើងវិញ ព្រះអម្ចាស់ជាព្រះរបស់យើង ហើយយើងមិនបោះបង់ចោលព្រះអង្គឡើយ។ ពួកបូជាចារ្យដែលបំពេញមុខងារបម្រើព្រះអម្ចាស់ សុទ្ធតែជាកូនចៅរបស់លោកអើរ៉ុន ហើយក៏មានពួកលេវីបំពេញមុខងាររបស់ខ្លួនដែរ។
11. ពួកគេថ្វាយតង្វាយដុតទាំងមូល* និងគ្រឿងក្រអូប ចំពោះព្រះអម្ចាស់ រាល់ព្រឹក រាល់ល្ងាច។ ពួកគេក៏តម្កល់នំបុ័ងនៅលើតុដ៏បរិសុទ្ធ ព្រមទាំងអុជចង្កៀងដែលស្ថិតនៅលើជើងចង្កៀងមាសជារៀងរាល់ល្ងាច។ ពួកយើងប្រណិប័តន៍តាមសេចក្ដីដែលព្រះអម្ចាស់ ជាព្រះនៃយើង បានបង្គាប់។ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នាបោះបង់ចោលព្រះអង្គ។
12. មើលចុះ ព្រះជាម្ចាស់ និងពួកបូជាចារ្យរបស់ព្រះអង្គស្ថិតនៅជាមួយពួកយើង ហើយនាំមុខពួកយើង។ ពួកបូជាចារ្យត្រៀមខ្លួននឹងផ្លុំត្រែ ដើម្បីប្រកាសវាយលុកអ្នករាល់គ្នា។ កូនចៅអ៊ីស្រាអែលអើយ! ចូរកុំធ្វើសឹកទល់នឹងព្រះអម្ចាស់ ជាព្រះនៃដូនតារបស់អ្នករាល់គ្នាឡើយ ដ្បិតអ្នករាល់គ្នាពុំអាចឈ្នះជាដាច់ខាត!»។
13. ព្រះបាទយេរ៉ូបោមបានចាត់ទ័ពខ្លះឲ្យវាងទៅបង្កប់ខ្លួននៅខាងក្រោយទ័ពយូដា ដូច្នេះ មានកងទ័ពអ៊ីស្រាអែលស្ថិតនៅពីមុខកងទ័ពយូដាផង ហើយក៏មានទ័ពបង្កប់នៅខាងក្រោយកងទ័ពយូដាដែរ។
14. កាលកងទ័ពយូដាក្រឡេកមើលទៅ ឃើញមានទ័ពនៅពីមុខផង ពីក្រោយផង ដូច្នេះ ពួកគេស្រែកអង្វរព្រះអម្ចាស់ ហើយពួកបូជាចារ្យក៏ផ្លុំត្រែឡើងដែរ។
15. កងទ័ពយូដាបន្លឺជយឃោស ហើយនៅពេលដែលកងទ័ពយូដាស្រែកឡើង ព្រះអម្ចាស់បានវាយប្រហារព្រះបាទយេរ៉ូបោម និងកងទ័ពអ៊ីស្រាអែល នៅមុខព្រះបាទអប៊ីយ៉ា និងកងទ័ពយូដា។
16. ទាហានអ៊ីស្រាអែលបាក់ទ័ពរត់នៅចំពោះមុខកងទ័ពយូដា ព្រះជាម្ចាស់បានប្រគល់ពួកគេក្នុងកណ្ដាប់ដៃរបស់កងទ័ពយូដា។