13. ព្រះបាទយេរ៉ូបោមបានចាត់ទ័ពខ្លះឲ្យវាងទៅបង្កប់ខ្លួននៅខាងក្រោយទ័ពយូដា ដូច្នេះ មានកងទ័ពអ៊ីស្រាអែលស្ថិតនៅពីមុខកងទ័ពយូដាផង ហើយក៏មានទ័ពបង្កប់នៅខាងក្រោយកងទ័ពយូដាដែរ។
14. កាលកងទ័ពយូដាក្រឡេកមើលទៅ ឃើញមានទ័ពនៅពីមុខផង ពីក្រោយផង ដូច្នេះ ពួកគេស្រែកអង្វរព្រះអម្ចាស់ ហើយពួកបូជាចារ្យក៏ផ្លុំត្រែឡើងដែរ។
15. កងទ័ពយូដាបន្លឺជយឃោស ហើយនៅពេលដែលកងទ័ពយូដាស្រែកឡើង ព្រះអម្ចាស់បានវាយប្រហារព្រះបាទយេរ៉ូបោម និងកងទ័ពអ៊ីស្រាអែល នៅមុខព្រះបាទអប៊ីយ៉ា និងកងទ័ពយូដា។
16. ទាហានអ៊ីស្រាអែលបាក់ទ័ពរត់នៅចំពោះមុខកងទ័ពយូដា ព្រះជាម្ចាស់បានប្រគល់ពួកគេក្នុងកណ្ដាប់ដៃរបស់កងទ័ពយូដា។
17. ព្រះបាទអប៊ីយ៉ា និងកងទ័ពយូដា ធ្វើឲ្យអ៊ីស្រាអែលបរាជ័យយ៉ាងធ្ងន់ គឺគេបានប្រហារទាហានដ៏ពូកែនៃកងទ័ពអ៊ីស្រាអែល អស់ ៥០០ ០០០ នាក់។
18. នៅគ្រានោះ កូនចៅអ៊ីស្រាអែលត្រូវអាម៉ាស់យ៉ាងខ្លាំង រីឯកូនចៅយូដាវិញ ពួកគេបានទទួលជោគជ័យ ព្រោះពួកគេពឹងផ្អែកលើព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ខ្លួន។
19. ព្រះបាទអប៊ីយ៉ាដេញតាមព្រះបាទយេរ៉ូបោម ហើយដណ្ដើមយកបានក្រុងខ្លះពីព្រះបាទយេរ៉ូបោម គឺក្រុងបេតអែល និងស្រុកភូមិនៅជុំវិញ ក្រុងយេសាណា និងស្រុកភូមិនៅជុំវិញ ក្រុងអេប្រុន និងស្រុកភូមិនៅជុំវិញ។
20. ក្នុងរជ្ជកាលរបស់ព្រះបាទអប៊ីយ៉ា ព្រះបាទយេរ៉ូបោមចុះទន់ខ្សោយ ហើយបន្ទាប់មកព្រះអម្ចាស់បានប្រហារស្ដេចឲ្យសោយទិវង្គតទៅ។
21. ផ្ទុយទៅវិញ ព្រះបាទអប៊ីយ៉ាពង្រឹងអំណាចយ៉ាងរឹងមាំ។ ស្ដេចមានមហេសីដប់បួនអង្គ មានបុត្រាម្ភៃពីរអង្គ និងបុត្រីដប់ប្រាំមួយអង្គ។
22. រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអប៊ីយ៉ា គឺអ្វីៗដែលស្ដេចបានធ្វើ និងរាជឱង្ការដែលស្ដេចបានថ្លែង សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅអត្ថាធិប្បាយរបស់ព្យាការីអ៊ីដោ។