10. រីឯពួកយើងវិញ ព្រះអម្ចាស់ជាព្រះរបស់យើង ហើយយើងមិនបោះបង់ចោលព្រះអង្គឡើយ។ ពួកបូជាចារ្យដែលបំពេញមុខងារបម្រើព្រះអម្ចាស់ សុទ្ធតែជាកូនចៅរបស់លោកអើរ៉ុន ហើយក៏មានពួកលេវីបំពេញមុខងាររបស់ខ្លួនដែរ។
11. ពួកគេថ្វាយតង្វាយដុតទាំងមូល* និងគ្រឿងក្រអូប ចំពោះព្រះអម្ចាស់ រាល់ព្រឹក រាល់ល្ងាច។ ពួកគេក៏តម្កល់នំបុ័ងនៅលើតុដ៏បរិសុទ្ធ ព្រមទាំងអុជចង្កៀងដែលស្ថិតនៅលើជើងចង្កៀងមាសជារៀងរាល់ល្ងាច។ ពួកយើងប្រណិប័តន៍តាមសេចក្ដីដែលព្រះអម្ចាស់ ជាព្រះនៃយើង បានបង្គាប់។ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នាបោះបង់ចោលព្រះអង្គ។
12. មើលចុះ ព្រះជាម្ចាស់ និងពួកបូជាចារ្យរបស់ព្រះអង្គស្ថិតនៅជាមួយពួកយើង ហើយនាំមុខពួកយើង។ ពួកបូជាចារ្យត្រៀមខ្លួននឹងផ្លុំត្រែ ដើម្បីប្រកាសវាយលុកអ្នករាល់គ្នា។ កូនចៅអ៊ីស្រាអែលអើយ! ចូរកុំធ្វើសឹកទល់នឹងព្រះអម្ចាស់ ជាព្រះនៃដូនតារបស់អ្នករាល់គ្នាឡើយ ដ្បិតអ្នករាល់គ្នាពុំអាចឈ្នះជាដាច់ខាត!»។
13. ព្រះបាទយេរ៉ូបោមបានចាត់ទ័ពខ្លះឲ្យវាងទៅបង្កប់ខ្លួននៅខាងក្រោយទ័ពយូដា ដូច្នេះ មានកងទ័ពអ៊ីស្រាអែលស្ថិតនៅពីមុខកងទ័ពយូដាផង ហើយក៏មានទ័ពបង្កប់នៅខាងក្រោយកងទ័ពយូដាដែរ។
14. កាលកងទ័ពយូដាក្រឡេកមើលទៅ ឃើញមានទ័ពនៅពីមុខផង ពីក្រោយផង ដូច្នេះ ពួកគេស្រែកអង្វរព្រះអម្ចាស់ ហើយពួកបូជាចារ្យក៏ផ្លុំត្រែឡើងដែរ។
15. កងទ័ពយូដាបន្លឺជយឃោស ហើយនៅពេលដែលកងទ័ពយូដាស្រែកឡើង ព្រះអម្ចាស់បានវាយប្រហារព្រះបាទយេរ៉ូបោម និងកងទ័ពអ៊ីស្រាអែល នៅមុខព្រះបាទអប៊ីយ៉ា និងកងទ័ពយូដា។
16. ទាហានអ៊ីស្រាអែលបាក់ទ័ពរត់នៅចំពោះមុខកងទ័ពយូដា ព្រះជាម្ចាស់បានប្រគល់ពួកគេក្នុងកណ្ដាប់ដៃរបស់កងទ័ពយូដា។
17. ព្រះបាទអប៊ីយ៉ា និងកងទ័ពយូដា ធ្វើឲ្យអ៊ីស្រាអែលបរាជ័យយ៉ាងធ្ងន់ គឺគេបានប្រហារទាហានដ៏ពូកែនៃកងទ័ពអ៊ីស្រាអែល អស់ ៥០០ ០០០ នាក់។
18. នៅគ្រានោះ កូនចៅអ៊ីស្រាអែលត្រូវអាម៉ាស់យ៉ាងខ្លាំង រីឯកូនចៅយូដាវិញ ពួកគេបានទទួលជោគជ័យ ព្រោះពួកគេពឹងផ្អែកលើព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ខ្លួន។
19. ព្រះបាទអប៊ីយ៉ាដេញតាមព្រះបាទយេរ៉ូបោម ហើយដណ្ដើមយកបានក្រុងខ្លះពីព្រះបាទយេរ៉ូបោម គឺក្រុងបេតអែល និងស្រុកភូមិនៅជុំវិញ ក្រុងយេសាណា និងស្រុកភូមិនៅជុំវិញ ក្រុងអេប្រុន និងស្រុកភូមិនៅជុំវិញ។