6. ព្រះរាជា និងពួកមេដឹកនាំនៃជនជាតិអ៊ីស្រាអែល ដាក់ខ្លួន ហើយពោលថា៖ «ព្រះអម្ចាស់ពិតជាសុចរិតមែន!»។
7. កាលព្រះអម្ចាស់ទតឃើញពួកគេដាក់ខ្លួនដូច្នេះ ព្រះអង្គមានព្រះបន្ទូលមកកាន់លោកសេម៉ាយ៉ាថា៖ «ពួកគេដាក់ខ្លួនហើយ យើងមិនបំផ្លាញពួកគេទេ។ យើងនឹងជួយរំដោះពួកគេជាបន្ទាន់ ដ្បិតយើងមិនជះកំហឹងរបស់យើងទៅលើក្រុងយេរូសាឡឹម ដោយទុកឲ្យស្ដេចស៊ីសាក់បំផ្លាញក្រុងនេះឡើយ។
8. ប៉ុន្តែ ពួកគេត្រូវធ្លាក់ខ្លួនចំណុះស្ដេចស៊ីសាក់។ ពេលនោះ ពួកគេនឹងដឹងខ្លួនថា បម្រើយើង និងបម្រើស្ដេចស្រុកផ្សេងៗខុសគ្នាត្រង់ណា»។
9. ព្រះចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប វាយលុកក្រុងយេរូសាឡឹម ហើយរឹបអូសយកទ្រព្យសម្បត្តិនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជ្យទ្រព្យនៅក្នុងវាំងអស់គ្មានសល់។ ស្ដេចក៏រឹបអូសយកខែលមាសទាំងប៉ុន្មានដែលព្រះបាទសាឡូម៉ូនបានធ្វើដែរ។
10. ព្រះបាទរេហូបោមបានឲ្យគេធ្វើខែលពីលង្ហិនជំនួសវិញ ហើយប្រគល់ឲ្យមេក្រុមរបស់កងទាហាន ដែលយាមខ្លោងទ្វារវាំងមើលថែរក្សា។
11. គ្រប់ពេលដែលស្ដេចយាងចូលព្រះដំណាក់របស់ព្រះអម្ចាស់ ពួកទាហាននាំគ្នាកាន់ខែលទាំងនោះ។ បន្ទាប់មក ពួកគេប្រមូលយកទៅទុកនៅក្នុងបន្ទប់របស់មេក្រុមវិញ។
12. ដោយព្រះបាទរ៉ូបោមដាក់ខ្លួន ព្រះអម្ចាស់លែងព្រះពិរោធនឹងស្ដេច ហើយក៏មិនបំផ្លាញស្ដេចឲ្យវិនាសសូន្យដែរ។ ម្យ៉ាងទៀត ក្នុងស្រុកយូដាក៏នៅមានសេចក្ដីល្អខ្លះៗដែរ។
13. ព្រះបាទរេហូបោមបានពង្រឹងអំណាច ហើយសោយរាជ្យនៅក្រុងយេរូសាឡឹម។ កាលស្ដេចឡើងសោយរាជ្យ ស្ដេចមានជន្មាយុសែសិបមួយព្រះវស្សា ហើយសោយរាជ្យបានដប់ប្រាំពីរឆ្នាំ នៅក្រុងយេរូសាឡឹម ជាក្រុងដែលព្រះអម្ចាស់បានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ សម្រាប់ព្រះនាមរបស់ព្រះអង្គ។ មាតារបស់ស្ដេចមាននាមថាណាអាម៉ា ជាជនជាតិអាំម៉ូន។
14. ព្រះបាទរេហូបោមបានប្រព្រឹត្តអំពើអាក្រក់ ដ្បិតស្ដេចពុំបានផ្ចង់ចិត្តគំនិតស្វែងរកព្រះអម្ចាស់ឡើយ។