២ របាក្សត្រ 11:3-16 Khmer Standard Version (KHSV)

3. «ចូរ​ប្រាប់​រេហូ‌បោម ជា​បុត្រ​របស់​សាឡូម៉ូន ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ក្នុង​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ថា

4. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កុំ​ចេញ​ទៅ​ច្បាំង​នឹង​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ឡើយ! ចូរ​វិល​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​ចុះ ដ្បិត​យើង​ទេ​ដែល​ធ្វើ​ឲ្យ​សភាព‌ការណ៍​នេះ​កើត​មាន»។ ពួក​គេ​ក៏​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ ដោយ​មិន​វាយ​លុក​ព្រះ‌បាទ​យេរ៉ូ‌បោម​ទេ។

5. ព្រះ‌បាទ​រេហូ‌បោម​គង់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ហើយ​ស្ដេច​បាន​សង់​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​ជា​ច្រើន នៅ​ស្រុក​យូដា

6. គឺ​មាន​បេថ្លេ‌ហិម អេថាម ត្កូអា

7. បេត-‌ស៊ើរ សូគរ អាឌូ‌ឡាំ

8. កាថ ម៉ារី‌សា ស៊ីភ

9. អាដូ‌រែម ឡាគីស អាសេ‌កា

10. សូរ៉ាស់ អាយ៉ា‌ឡូន និង​ហេប្រូន។ ក្រុង​ទាំង​នោះ​សុទ្ធ​តែ​ជា​ក្រុង​របស់​ស្រុក​យូដា និង​បេន‌យ៉ាមីន។

11. ព្រះ‌បាទ​រេហូ‌បោម​បាន​សង់​កំពែង​ឲ្យ​កាន់​តែ​រឹង‌មាំ​ថែម​ទៀត ព្រម​ទាំង​តែង‌តាំង​មេ​បញ្ជា​ការ​ឲ្យ​គ្រប់‌គ្រង ហើយ​ផ្ទុក​ស្បៀង​អាហារ ប្រេង និង​ស្រា ក្នុង​ក្រុង​ទាំង​នោះ​ផង។

12. នៅ​ក្នុង​ក្រុង​នីមួយៗ​មាន​ខែល​ធំ និង​លំពែង​យ៉ាង​ច្រើន ត្រៀម​ទុក។ ស្ដេច​បាន​ធ្វើ​ឲ្យ​ក្រុង​ទាំង​នោះ​ទៅ​ជា​រឹង‌មាំ​បំផុត ដើម្បី​ពង្រឹង​ការ​ត្រួត‌ត្រា​លើ​ទឹក​ដី​យូដា និង​ទឹក​ដី​បេន‌យ៉ាមីន។

13. ពួក​បូជា‌ចារ្យ និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល បាន​នាំ​គ្នា​មក​ពី​គ្រប់​ទី​កន្លែង សុំ​រួប‌រួម​ជា​មួយ​ព្រះ‌បាទ​រេហូ‌បោម។

14. ពួក​លេវី​បោះ​បង់​ចោល​ផ្ទះ​សម្បែង និង​ដី‌ធ្លី​របស់​ខ្លួន ទៅ​រស់​នៅ​ក្នុង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ព្រោះ​ព្រះ‌បាទ​យេរ៉ូ‌បោម ព្រម​ទាំង​បុត្រ មិន​ឲ្យ​ពួក​គេ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​បម្រើ​ព្រះ‌អម្ចាស់​ទេ។

15. ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​ជ្រើស​តាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​បម្រើ​ព្រះ​ក្លែង‌ក្លាយ មាន​រូប​ពពែ​ឈ្មោល និង​កូន​គោ ដែល​ស្ដេច​បាន​សូន។

16. រីឯ​អស់​អ្នក​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​មាន​ចិត្ត​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ក៏​មក​ក្រុង​យេរូ‌សាឡឹម​តាម​ពួក​លេវី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ពួក​គេ។

២ របាក្សត្រ 11