16. រីឯអស់អ្នកនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ដែលមានចិត្តស្វែងរកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ក៏មកក្រុងយេរូសាឡឹមតាមពួកលេវី ដើម្បីថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ពួកគេ។
17. ដូច្នេះ ពួកគេពង្រឹងអាណាចក្រយូដា និងជួយគាំទ្រព្រះបាទរេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូន ក្នុងរយៈពេលបីឆ្នាំ ដ្បិតក្នុងអំឡុងពេលបីឆ្នាំនោះ គេដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន។
18. ព្រះបាទរេហូបោមបានរៀបអភិសេកជាមួយព្រះនាងម៉ាហាឡាត ជាបុត្រីរបស់សម្ដេចយេរីម៉ុត ដែលត្រូវជាបុត្ររបស់ព្រះបាទដាវីឌ និងនាងអប៊ីហែល ជាកូនរបស់លោកអេលាប និងជាចៅរបស់លោកអ៊ីសាយ។
19. ព្រះនាងម៉ាហាឡាតប្រសូតបានបុត្របីអង្គ គឺសម្ដេចយេអ៊ូស សេម៉ារីយ៉ា និងសាហាំ។
20. ក្រោយមក ព្រះបាទរេហូបោមបានអភិសេកជាមួយព្រះនាងម៉ាកា ជាបុត្រីរបស់សម្ដេចអាប់សាឡុម។ ព្រះនាងប្រសូតបានបុត្របួនអង្គ គឺសម្ដេចអប៊ីយ៉ា អថាយ ស៊ីសា និងសឡូមីត។
21. ព្រះបាទរេហូបោមស្រឡាញ់នាងម៉ាកា ជាបុត្រីរបស់សម្ដេចអាប់សាឡុម ជាងមហេសី និងស្រីស្នំឯទៀតៗ។ ស្ដេចមានមហេសីទាំងអស់ដប់ប្រាំបីអង្គ និងស្រីស្នំហុកសិបនាក់ មានបុត្រាទាំងអស់ម្ភៃប្រាំបីអង្គ និងបុត្រីហុកសិបអង្គ។
22. ព្រះបាទរេហូបោមលើកសម្ដេចអប៊ីយ៉ា ជាបុត្ររបស់ព្រះនាងម៉ាកា ឲ្យមានឋានៈខ្ពស់ជាងគេនៅក្នុងព្រះរាជវង្ស គឺធ្វើជាប្រមុខលើបុត្រឯទៀតៗ ដ្បិតស្ដេចសព្វព្រះហឫទ័យឲ្យសម្ដេចអប៊ីយ៉ាឡើងគ្រងរាជ្យ។
23. ស្ដេចប្រព្រឹត្តដោយឈ្លាសវៃ ដោយចាត់បុត្រឯទៀតៗឲ្យទៅរស់នៅតាមក្រុងដែលមានកំពែងរឹងមាំនានា ក្នុងស្រុកយូដា និងបេនយ៉ាមីន ព្រមទាំងឧបត្ថម្ភស្បៀងយ៉ាងបរិបូណ៌ និងរកភរិយាជាច្រើនឲ្យបុត្រទាំងនោះផង។